Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករនៅក្រុងប៉ៃលិន នាំគ្នាទៅលក់ដូរនៅកន្លែងថ្មីបណ្តោះអាសន្ន ខណៈផ្សារប៉ាហ៊ី និងផ្សារថ្មីប៉ាហ៊ីជើង ត្រូវបានបិទខ្ទប់

ខេត្តប៉ៃលិន ៖ ខណៈផ្សារ២កន្លែងនៅក្នុងក្រុងប៉ៃលិន គឺផ្សារសាមគ្គី ហៅប៉ាហ៊ី និងផ្សារថ្មីប៉ាហ៊ីជើង ហៅផ្សារជាងអូន ត្រូវបានបិទខ្ទប់ ដោយសារបញ្ហាជំងឺកូវីដ ១៩ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ អាជីវករបាននាំគ្នាលក់ដូរនៅកន្លែងថ្មីបណ្តោះអាសន្ន បើទោះបីជាការលក់ដូរកន្លែងថ្មីនេះ មានសភាពស្ងាត់ម៉ូយបន្តិច តែពួកគាត់នៅតែសប្បាយចិត្ត ព្រោះអាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងអាចដោះបំណុលមីក្រូហិរញ្ញវត្ថុប្រចាំខែ។

ជាមួយនិងទីតាំងថ្មីបណ្តោះអាសន្ននេះ អាជីវករលក់សាច់ជ្រូក ឈ្មោះ សុផល បានអំពាវនាវដល់អាជ្ញាធរក្រុងខេត្ត ឱ្យជួយរៀបចំប្រព័ន្ធភ្លើង ទឹក សម្រាប់ងាយស្រួលក្នុងការលក់ដូរ ជាពិសេសការលក់ដូររហូតដល់ពេលយប់បន្តិច ងងឹតលំបាកលក់ដូរ។ អាជីវករលក់ផ្លែឈើម្នាក់ទៀត ឈ្មោះ សុភ័ណ បានបង្ហាញពីអារម្មណ៍សប្បាយចិត្តជាខ្លាំង ដែលអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ រៀបចំកន្លែងលក់ដូរថ្មី ជូនពួកគាត់ទាំងអស់គ្នា ដើម្បីដាក់គ្រែ សង់រោង បោះតង់ សម្រាប់ដាក់បន្លែ ផ្លែឈើ ត្រីសាច់ និងសម្ភារ:ផ្សេងៗ លក់ដូរក្នុងរយ:ពេលខ្លី ទម្រាំតែផ្សារបើកសារថ្មីឡើងវិញ ។

ពួកគាត់ បានលើកឡើងបន្តថា បើសិនជាបិទផ្សារទាំងពីរ រយ:ពេលយូរ ហើយអត់មានកន្លែងលក់ដូរ អាចនឹងធ្វើឱ្យប៉ះពាល់ ដល់ជីវភាពគ្រួសារប្រចាំថ្ងៃកាន់តែខ្លាំងឡើងៗ សម្រាប់ពួកគាត់។ ការលក់ដូរនៅកន្លែងថ្មី មានសភាពស្ងាត់ម៉ូយ បន្តិច ពោលគឺការលក់ដូរខុសគ្នាឆ្លាយពីកាលនៅឯផ្សារសាមគ្គី ដោយក្នុង១ថ្ងៃ គាត់អាចរកចំណូលបាន២០ទៅ៣០ម៉ឺនរៀលេនោះ លុះមកដល់កន្លែងថ្មីនេះ ក្នុង១ថ្ងៃ គាត់អាចរកចំណូល បានត្រឹមតែ១០ទៅ១៥ម៉ឺនរៀលក្នុង១ថ្ងៃប៉ុណ្ណោះ ។

គួរបញ្ជាក់ថា បើតាមមេការមើលការខុសត្រូវផ្សារខាងលើ ឈ្មោះ សុន បានឱ្យដឹងថា៖ ក្រោយពីបិទខ្ទប់ផ្សារទាំងពីរកន្លែង ក្នុងក្រុងប៉ៃលិន រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកន្លែងលក់ដូរថ្មីជូនអាជីវករដោយឥតគិតថ្លៃ គឺគ្រាន់តែប្រមូលប្រាក់ថ្លៃសំរាម ក្នុង១ថ្ងៃ ១០០០រៀលប៉ុណ្ណោះ។ តូបដែលប្រជាពលរដ្ឋនាំគ្នាទៅលក់ដូរនៅកន្លែងថ្មី នេះ មានប្រហែល៦០ ទៅ៧០តូប ដោយអ្នកខ្លះ ទើបតែចូលមកសង់រោងធ្វើតូបលក់ដូរបណ្តើរៗ ខ្លះទៀតក៏រើចេញទៅលក់នៅតាមមុខផ្ទះរបស់ខ្លួនផងដែរ៕ រក្សាសិទ្ធិដោយ៖CEN

×