បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងនៅព្រលប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសជូនដំណឹងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧៦នាក់បន្ថែមទៀត ដែលក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅតែឈរលើលំដាប់ថ្នាក់ខ្ពស់ មានចំនួន ៧៤នាក់ និងមានពលករមកពីប្រទេសថៃតែ២នាក់ប៉ុណ្ណោះ ។
តាមរយៈនៃសេចក្តីប្រកាសនេះដែរ ក៏បានបង្ហាញអំពីអ្នកជំងឺកូវីដ១៩ ចំនួន៨០នាក់ទៀត បន្ទាប់ពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ បានជាសះស្បើយនិងបានវិលត្រឡប់ ទៅកាន់លំនៅដ្ឋានវិញនិងដាក់ខ្លួនធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃបន្តទៀត តែអ្វីដែលគួរឱ្យសោកស្តាយនោះ គឺមានករណីមនុស្សម្នាក់ទៀត ជាស្ត្រី មានអាយុ៥៧ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩នេះផងដែរ ។
គួរបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ រហូតមកដល់នឹងល្ងាចថ្ងៃទី១១ ខែសីហា នេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៤ ៤០៥នាក់ បានព្យាបាលជាសះស្បើយចំនួន ២ ៨៦២ នាក់ មានករណីស្លាប់ចំនួន៥២នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន ១ ៤៩១នាក់ ៕ រក្សាសិទ្ធិដោយ៖CEN







