ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គការ OXFAM, ប្រទេសកម្ពុជា នឹងទទួលបានថវិកាប្រមាណ ២៤០លានដុល្លារ ពីក្រុមប្រឹក្សាភិបាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីដោះស្រាយផលប៉ះពាល់ នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ ខណ:រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការងារយ៉ាងល្អ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា ថវិកាដែលកម្ពុជាទទួលបាននេះ ស្ថិតក្នុងចំនួនថវិកាសរុបចំនួន ៦៥០ពាន់លានដុល្លារ ដែល IMF បានអនុម័តការវិភាជថវិកាទូទៅមួយ ចេញពីគណនីមូលនិធិ ពិសេស (SDRs) ជាប្រវត្តិសាស្ត្រ ដើម្បីជំរុញលទ្ធភាពទូទាត់ ការចំណាយរបស់សាកលលោក។
លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការ អុកស្វាម បានបញ្ជាក់ថា ថវិកា SDRs ថ្មីនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ក្នុងន័យនេះ កម្ពុជាទប់ស្កាត់កូវីដ-១៩បានល្អ ជ្រោមជ្រែងប្រជាជនងាយរងគ្រោះ ដោះស្រាយការបាត់បង់មុខរបររបស់ពួកគេ តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយសង្គមរបស់ខ្លួន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










