តាកែវ ៖ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តតាកែវ គ្រោងនិងដកអាជ្ញាប័ណ្ណ របស់ក្រុមហ៊ុនដែលសុំសិទ្ធិកាយយកអាច៍ដីស្តារបឹងតាកែវ ចំនួន ៤ក្រុមហ៊ុនចោល ក្រោយចុះពិនិត្យរកឃើញថា បានល្មើសធ្ងន់ធ្ងរ ផ្ទុយពីការសុំសិទ្ធិកាយរណ្តៅដី ដែលចេញដោយមន្ទីរជំនាញ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលចុះពិនិត្យលើទីតាំង រណ្តៅដីជាមួយនិងមន្ត្រីជំនាញនិងអាជ្ញាធរក្រុង លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានលើកឡើងថា នៅព្រឹកនេះអាជ្ញាធរខេត្តតាកែវ បានចុះពិនិត្យលើទីតាំងរណ្តៅដីចំនួន ៥ក្រុុមហ៊ុន ដែលបានសុំសិទ្ធិកាយយកអាច៍ដីស្តារបឹងតាកែវ ស្ថិតនៅក្នុងបរិវេណផ្ទៃបឹងតាកែវ ក្រុងដូនកែវ ដែលក្នុងការចុះពិនិត្យនេះដែរ យើងបានរកឃើញថា មានទីតាំងរណ្តៅដីចំនួន ៤ក្រុមហ៊ុនបានល្មើស ផ្ទុយពីការសុំសិទ្ធិកាយយកអាច៍ដីស្តារបឹង ដែលត្រូវបានកំណត់លើទំហំផ្ទៃដី ដែលអនុញ្ញាតដោយមន្ទីរជំនាញ និងរណ្តៅដីមួយក្រុមហ៊ុនទៀត ជារបស់លោក ឆេង ចាន់ថា អុនប្រធានទីចាត់ការផែនការវិនិយោគខេត្ត គឺត្រូវបានរកឃើញថា កាយលើសខ្វះតិចតួច ស្ថិតលើការសម្របសម្រួលរបស់អាជ្ញាធរ តែត្រូវបានអាជ្ញាធរខេត្តឲ្យបញ្ឈប់សកម្មភាព កាយយកអាច៍ដីបឹងជាបន្តទៀត បន្ទាប់ពីស្តារនិងឈូសឆាយ ស្របតាមបច្ចេកទេស នៃការស្តារបឹងយកអាច៍ដីនេះរួច គ្រប់តាមស្តង់ដារក្នុងការសុំសិទ្ធិពីមន្ទីរជំនាញ ។
លោកអភិបាលរងខេត្តតាកែវ បានឲ្យដឹងទៀតថា ក្រោយការពិនិត្យលើទីតាំងរណ្តៅដីចំនួន ៥ទីតាំង ត្រូវបញ្ចប់យើងនិងធ្វើកំណត់ហេតុ ជារបាយការណ៍ទៅ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ដើម្បីធ្វើការពិនិត្យលើការសុំដកអាជ្ញាប័ណ្ណ របស់ក្រុមហ៊ុនចំនួន ៤នេះចេញ ក្រោយរកឃើញថាល្មើសធ្ងន់ធ្ងរ ។

លោក ខាន់ សុខា បានបញ្ជាក់ថា ចំពោះអាជ្ញាធរខេត្តតាកែវ សម្រេចដកអាជ្ញាប័ណ្ណឬមានវិធានការណ៍បែបណា គឺនៅលើគណៈអភិបាលខេត្តតាកែវ តែបើកលោកចុះមកពិនិត្យជាក់ស្តែងនេះ គឺយល់ឃើញថា ក្រុមហ៊ុនដែលល្មើសលើការសុំសិទ្ធិទាំងនោះ គួរតែដកអាជ្ញាប័ណ្ណចោលតែម្តង ព្រោះការកាយយកអាច៍ដីស្តារបឹង របស់ក្រុមហ៊ុនទាំងនោះ គឺមិនបានស្របទៅតាមលក្ខណៈបច្ចេកទេសឡើយ ថែមទាំងកាយលើសផ្ទៃដីដែលអនុញ្ញាតថែមទៀត ។

ជាមួយគ្នានេះផងដែរ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲ្យអ្នកសារព័ត៌មានយើងដឹងថា ជុំវិញការកាយយកអាច៍ដី របស់ក្រុមហ៊ុនទាំង ៥ខាងលើនោះ គឺបានបង្កឲ្យមានផលប៉ះពាល់ជាច្រើន លើប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវថ្នល់មួយចំនួន ត្រូវបានខូចខាត និងធ្លាក់រាយប៉ាយពេញផ្លូវកៅស៊ូ ដោយសារតែការដឹកជញ្ជូនអាច៍ដី ដែលដឹកលើរថយន្តមិនបានគ្រប ហើយបើកបរលើសល្បឿនកំណត់ថែមទៀត បង្កឲ្យមានការតវ៉ាជាច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងក្រុងដូនកែវ ហើយប៉ុន្មានថ្ងៃមកនេះ រដ្ឋបាលក្រុងដូនកែវ យើងបានឃាត់រថយន្តដឹកដីចំនួន ៦គ្រឿង ហើយយកមករក្សាទុក នៅសាលាក្រុងដូនកែវ និងឲ្យក្រុមហ៊ុនទាំងនោះ ធ្វើការសំអាតផ្លូវថ្នល់ឡើងវិញ ដើម្បីសោភ័ណភាពក្រុងដូនកែវ ៕ រក្សាសិទ្ធិដោយ៖ តាកែវ





