Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវាសត្វដំរីពិភពលោក ១២ សីហា ៖ យើងរួមគ្នាការពារនិងអភិរក្សដំរីឱ្យបានគង់វង្ស

ខេត្តមណ្ឌលគិរី ៖ «ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រក របស់វាក្នុងសកលលោកដោយសារ តែនៅតែមានការបរបាញ់ ការដាក់អន្ទាក់ ជម្លោះរវាងមនុស្សនិងសត្វដំរី និងការចាប់ផ្ស៊ាំយកមកចិញ្ចឹមក្នុងស្រុកដែលយើងទាំងអស់ ចាំបាច់ចូលរួមការពារ និងអភិរក្សសត្វដំរីឱ្យបានគង់វង្ស»។ នេះគឺជាការថ្លែងអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន នៅក្នុងឱកាសទិវាដំរីពិភពលោក ១២ សីហា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានថ្លែងថា ប្រទេសកម្ពុជាបានចូលរួមយ៉ាងសកម្ម ជាមួយប្រទេសនានាលើពិភពលោកក្នុង ការអភិរក្សសត្វដំរី ដែលនៅលេសសល់នៅលើពិភពលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ(IUCN) ដោយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពទាំងឡាយ ដែលមានលក្ខណៈគំរាមកំហែង ដល់ដំរីជាពិសេសកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរី។

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល ដែលភាគច្រើន រស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ ក្បាល។

លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយរស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈសំខាន់ ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារ ប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។

លោកបានថ្លែងថា ការរិចរិលនៃទីជម្រក បានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងបង្កជាឥទ្ធិពលអវិជ្ជមានដល់ស្ថេរភាព យូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។ យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិនានា បានរកឃើញថាដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។ វត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុមអ្នកបរិស្ថាន។

ទោះបីជាស្ថានភាពនៃការអភិរក្សតំបន់ការពារធម្មជាតិ មានភាពល្អប្រសើរផ្តល់ទីជម្រក ប្រភពទឹក និងចំណីសម្រាប់សត្វដំរីរស់នៅ តែកត្តាគំរាមកំហែងមួយចំនួន នៅតែមានជាពិសេសជម្លោះរវាងមនុស្សនិងដំរី ពោលគឺការរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋខុសច្បាប់ របស់ក្រុមជនខិលខូច បានប៉ះពាល់ដល់ទីជម្រករបស់សត្វដំរី និងកន្លែងដែលដំរីធ្លាប់រស់នៅនិងរកចំណី និងប្រភពទឹក ដែលពេលខ្លះ មានការជាន់កម្ទេចដំណាំដាំដុះ របស់ប្រជាពលរដ្ឋពីសំណាក់សត្វដំរីជាដើម។ ម្យ៉ាងទៀតគេក៏បានរកឃើញថា កូនដំរីព្រៃកំពុងទទួលរងការគំរាមកំហែង ដោយសារតែការដាក់អន្ទាក់ និងការចាប់ដំរីព្រមកចិញ្ចឹម និងហ្វូងដំរីព្រៃមានចំនួនតិចតួចជាកត្តាគំរាមកំហែងផងដែរ។

ចំពោះមុខនៃការគំរាមកំហែងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានជាមួយអង្គការដៃគូ បានខិតខំរៀបចំផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ី។ឯកឧត្តមបានថ្លែងថា ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា(CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ និងអង្គការផ្សេងៗទៀត ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាពនិងជំរុញ ឱ្យមានកំណើនចំនួនប្រភេទសត្វដំរីនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន៖ ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

MSA 3D

រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញសុទិដ្ឋិនិយមថា ជាមួយនឹងផែនការអភិរក្សសត្វដំរី ការដោះស្រាយជម្លោះរវាងមនុស្សនិងដំរី និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ លើការងារការពារនិងអភិរក្សតំបន់ ការពារធម្មជាតិ នោះនឹងកាន់តែធ្វើឱ្យទីជម្រករបស់សត្ចដំរីកាន់តែមាន សុវត្ថិភាពរួមនឹងការយល់ដឹងនិងការចូលរួមអភិរក្ស ពីសំណាក់ប្រជាពលរដ្ឋផងដែរ។
ក្រៅពីក្របខណ្ឌអភិរក្ស រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើ ការងាររួមគ្នាដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃ ខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃ នៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។ សូមបញ្ជាក់ថាកន្លងមក អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ឃាត់ភ្លុកដំរី កុយរមាស និងគ្រឿងចម្លាក់ពីភ្លុកដំរី កុយរមាសដែលលួចនាំចូលក្នុងប្រទេសកម្ពុជា និងលួចនាំចេញទៅក្រៅប្រទេសជាច្រើនករណី។ យោងតាមតួលេខដែលទទួលបាន កន្លងទៅនេះ ភ្លុកដំរីនិងកុយរមាសជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណជាង ៥ តោន ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប រឹបអូសរក្សាទុកកន្លែងមានសុវត្ថិភាព។

កម្ពុជាក៏បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការចូលរួម ប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយនាពេលកន្លងមកនេះ​ រាជរដ្ឋាភិបាលបានចេញវិធានការ រឹតបន្តឹងការងារទប់ស្កាត់ និងបង្ក្រាបការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរីនិងកុយរមាសខុសច្បាប់ សត្វនិងរុក្ខជាតិងាយរងគ្រោះ និងបំបែករបស់វាដទៃទៀតដែលច្បាប់ហាម ឃាត់ឱ្យកាន់តែមានប្រសិទ្ធភាពដោយដាក់ចុះនូវវិធានការចំនួន៦ចំណុច រួមមានដូចជា ការពង្រឹងការសិក្សា វិភាគ វាយតម្លៃព័ត៌មាន ដែលមាននៅលើនិវេទន៍បណ្ណ អញ្ញត្តិបណ្ណ វិក្កយបត្រ និងឬបញ្ជីវេចខ្ចប់ ដើម្បីកំណត់មុខសញ្ញានៃការនាំចូល ការនាំចេញ និងការឆ្លងកាត់ខុសច្បាប់នូវទំនិញហាមឃាត់ដូចជាភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរី និងកុយរមាសខុសច្បាប់។ នេះជាបទល្មើសដែលត្រូវជាកម្មវត្ថុ នៃចំណាត់ការផ្លូវតុលាការ៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×