ថ្មីៗនេះ នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់យកសំរាមទៅបោះចោលនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ (ត្រង់ចំណុចទល់មុខច្រកចូលក្រោយផ្សារក្រមួន) ក៏បានប្រទះឃើញស្ទង់ៗទំនងសាកសពមនុស្សស្រីដេកអាក្រាតកាយ នៅក្នុងគុម្ពោតព្រៃ មានវ័យប្រហាក់ប្រហែលជាង១០ឆ្នាំ និងគិតថាជាករណីឃាតកម្ម ក៏បានរាយការណ៍ព័ត៌មាននេះផ្អើលដល់សមត្ថកិច្ច ចុះពិនិត្យមើលទាំងយប់តែម្តង។
ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយសមត្ថកិច្ចទាំងអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះមកពិនិត្យទាំងលឹបលោ សឹងមិនហ៊ានចូលមើល នៅទីបំផុត គឺបានត្រឹមហួសចិត្តសើចចុកពោះគ្រប់ៗគ្នា ព្រោះថា នោះមិនមែនជាសាកសពទេ តែតាមពិត គឺជាតុក្កតាជ័រសិច ដែលគេយកមកបោះចោលប៉ុណ្ណោះ។
តែទោះយ៉ាងណា សមត្ថកិច្ចក៏បានទាញយកតុក្កតាជ័រសិចនោះ យកមកដុតចោលផងដែរដើម្បីកុំឲ្យមានការភាន់ច្រឡំ នាំឲ្យវ៉ល់ទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង