ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជាបានសហការជាមួយធនាគារមេយប៊ែង រៀបចំពិធី ដាក់ឱ្យដំណើរការ ជាផ្លូវការនូវសេវាផ្ទេរប្រាក់ឆ្លងដែនមេយប៊ែង-បាគង ដែលជា សេវាផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី តាមរយៈកម្មវិធីបាគង និងកម្មវិធី MAE app របស់ធនាគារមេយប៊ែង។

សេវាផ្ទេរប្រាក់ឆ្លងដែននេះនឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារមេយប៊ែងនៅប្រទេសម៉ាឡេស៊ី ផ្ទេរប្រាក់ដោយផ្ទាល់ទៅក្រុមគ្រួសារ មិត្តភក្តិ ឬដៃគូអាជីវកម្មនៅប្រទេសកម្ពុជា តាមរយៈកម្មវិធី MAE app បានយ៉ាងងាយស្រួលដោយគ្រាន់តែប្រើលេខទូរស័ព្ទ របស់អ្នកទទួលដែលបានចុះឈ្មោះប្រើប្រាស់កម្មវិធីបាគង។ នៅដំណាក់កាលទី១នេះ អតិថិជនអាចធ្វើប្រតិបត្តិការ ផ្ទេរប្រាក់ពីប្រទេសម៉ាឡេស៊ីមកប្រទេសកម្ពុជា ចំណែកឯប្រតិបត្តិការផ្ទេរប្រាក់ពីប្រទេសកម្ពុជាទៅប្រទេសម៉ាឡេស៊ី នឹងត្រូវដាក់ឱ្យ ដំណើរការនៅដំណាក់កាលបន្ទាប់។
អតិថិជនរបស់ធនាគារមេយប៊ែងក៏អាចទទួលបាននូវបទពិសោធន៍នៃការប្រើប្រាស់ប្រកប ដោយ ភាពងាយស្រួល សុវត្ថិភាព និងកម្រៃសេវាសមរម្យ។ ជាមួយគ្នានេះ អតិថិជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ បានរហូតដល់ ២.៥០០ ដុល្លារអាមេរិក (ឬស្មើនឹង ១០.០០០ រីងហ្គីត) ក្នុងមួយថ្ងៃ។
នៅក្នុងឱកាសដ៏ឱឡារិកនេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអបអរសាទរចំពោះក្រុមការងារធនាគារជាតិនៃកម្ពុជា និងក្រុមការងារធនាគារមេយប៊ែង ដែលសម្រេច បាន នូវសមិទ្ធផលដ៏ល្អប្រសើរនេះ។

ឯកឧត្តម ទេសាភិបាល បានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា ការទូទាត់និងការផ្ទេរប្រាក់ឆ្លងដែន រវាងប្រទេសកម្ពុជានិងម៉ាឡេស៊ីតាមប្រព័ន្ធបាគងនេះ នឹងជួយឱ្យ ប្រទេសទាំងពីរសម្រេចបាននូវកិច្ចសហប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុកាន់តែស៊ីជម្រៅមួយកម្រិតទៀត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើជាប្រយោជន៍ ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ជាពិសេស ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវការផ្ទេរប្រាក់ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ ប្រកបដោយសុវត្ថិភាព និងចំណាយតិច។
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិ នៃកម្ពុជា បានថ្លែងថា “យើងពិតជាមានសេចក្តីសោមនស្សដែលបានដាក់ឱ្យដំណើរការ ជាផ្លូវការនូវសេវាផ្ទេរប្រាក់ឆ្លងដែនមេឃប៊ែង-បាគង ដែលជាសេវាទូទាត់ឆ្លងដែនដំបូងបង្អស់របស់ប្រព័ន្ធបាគង។ ប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការនិងរស់នៅក្នុងប្រទេសម៉ាឡេស៊ី នឹងទទួលបានអត្ថប្រយោជន៍ពីសេវានេះ ដែលនឹងជួយលើកកម្ពស់ផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដោយសារប្រជាពលរដ្ឋ អាចគ្រប់គ្រងមូលនិធិរបស់ខ្លួនបានយ៉ាងសកម្ម រួមមាន ការទូទាត់ចំណាយផ្សេងៗសម្រាប់គ្រួសារ និងការផ្ទេរប្រាក់ទៅ កាន់មនុស្សជាទីស្រឡាញ់របស់ពួកគាត់ ជាដើម។

លោកជំទាវបានបន្ថែមទៀតថា “លើសពីការជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការលើកកម្ពស់ការតភ្ជាប់ប្រតិបត្តិការ ទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ការផ្ទេរប្រាក់ ឆ្លងដែនមកកាន់កម្ពុជាដែលមានភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច ក៏ជាវិធីមួយក្នុងការពន្លឿនបរិយាបន្នហិរញ្ញវត្ថុរបស់សហគមន៍ដែលខ្វះខាតផងដែរ។”
លោក Abdul Farid Alias ប្រធានមេយប៊ែងគ្រុប និងជានាយកប្រតិបត្តិនៃធនាគារមេយប៊ែង ម៉ាឡេស៊ី បានលើកឡើងថា ធនាគារមេយប៊ែង ពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាធនាគារពាណិជ្ជ ដំបូងគេក្នុងពិភពលោក ដែលសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការបង្កើតប្រព័ន្ធទូទាត់និងផ្ទេរប្រាក់ឆ្លងដែនតាមប្រព័ន្ធបាគង។
“ធនាគារមេយប៊ែងមានមោទនភាពដែលបានចូលរួម ក្នុងគំនិត ផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថលប្រកបដោយប្រសិទ្ធភាព ជូនសាធារណជន ជាពិសេសប្រជាពលរដ្ឋកម្ពុជាដែលរស់នៅកប្រទេសម៉ាឡេស៊ី ជាមួយ នឹងការលើកកម្ពស់ផ្នែកហិរញ្ញវត្ថុកាន់តែទូលំទូលាយ។ ការប្រើប្រាស់ការតភ្ជាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងបច្ចេកវិទ្យាឌីជីថល យើងបានកែប្រែបទពិសោធន៍នៃការផ្ទេរប្រាក់ឆ្លងដែន រវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ដែលផ្តល់នូវភាពងាយស្រួល និងចំណាយសមរម្យ។ ការដាក់ឱ្យដំណើរការជាផ្លូវការនេះ ក៏ជាសមិទ្ធផលថ្មីមួយក្នុងដំណើរឆ្ពោះទៅរកឌីជីថល របស់ធនាគារមេយប៊ែងផងដែរ ហើយ នេះជាសេវាផ្ទេរប្រាក់ឆ្លងដែនដំបូងនៃកម្មវិធី MAE app របស់យើង។”

លោក Abdul Farid Alias ក៏បានបន្ថែមទៀតថា ធនាគារមេយប៊ែង នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពង្រីកបន្ថែមនូវសេវាដែលអនុញ្ញាតឱ្យមានការផ្ទេរប្រាក់ពីប្រទេស កម្ពុជាទៅប្រទេសម៉ាឡេស៊ី ក៏ដូចជាសិក្សានិងពិនិត្យលើកាលានុវត្តភាពថ្មីៗបន្ថែមទៀត។
លោក Mohd Hanif Suadi នាយកប្រតិបត្តិនៃធនាគារមេយប៊ែងកម្ពុជា បានថ្លែងថា “សេវាផ្ទេរប្រាក់ឆ្លងដែនមេយប៊ែង-បាគង នឹងដោះស្រាយនូវបញ្ហាកម្រៃសេវាផ្ទេរប្រាក់ខ្ពស់និងរយៈពេលយូរនៃប្រតិបត្តិការ ដែលកើតមាន ជាយូរមកហើយ។ សេវាផ្ទេរប្រាក់ឆ្លងដែននេះនឹងជួយសម្រាលបន្ទុក របស់ប្រជាពលរដ្ឋ កម្ពុជាដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី និងក្រុមគ្រួសាររបស់ពួកគាត់ ពីព្រោះ ពួកគាត់អាចទទួលបានមូលនិធិភ្លាមៗ និងដោយគ្មានការព្រួយបារម្ភអ្វីទៀតឡើយ។ ការណ៍នេះគឺស្របតាមគោលដៅរបស់ធនាគារ មេយប៊ែងកម្ពុជាក្នុងការផ្តោតលើការបង្កើតបណ្តាញឌីជីថលមួយ ដើម្បីផ្តល់ជូនអតិថិជនជាមួយនឹងបទពិសោធន៍ធនាគារ ប្រកបដោយភាពរលូននិងគ្មានក្តីបារម្ភ។ យើង មានមោទនភាពក្នុងការគាំទ្រការឆ្ពោះទៅរកសង្គមមួយដែលមិនប្រើប្រាស់សាច់ប្រាក់នៅកម្ពុជា និង ពន្លឿនបរិយាបន្នហិរញ្ញវត្ថុ ជាពិសេសនៅក្នុងសហគមន៍ ដែលពុំទទួលបានសេវាហិរញ្ញវត្ថុ។”
ទន្ទឹមនឹងការដាក់ឱ្យដំណើរការជាផ្លូវការនេះ ធនាគារមេយប៊ែងនឹងពុំគិតកម្រៃសេវារាល់ប្រតិបត្តិការផ្ទេរប្រាក់ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ អតិថិជនដែលមានបំណងចង់ប្រើប្រាស់ នូវសេវាផ្ទេរប្រាក់ឆ្លងដែនមេយប៊ែង-បាគង អាចចូលទៅកាន់កម្មវិធី MAE app ដោយគ្រាន់ចុចលើប៊ូតុង “Transfer” នៅក្នុងគណនីសន្សំ ឬគណនីចរន្តរបស់ពួកគាត់បានយ៉ាងងាយស្រួល៕ រក្សាសិទ្ធិដោយ៖CEN

