ភ្នំពេញ ៖ អតីតមន្ត្រីអគ្គិសនីម្នាក់ បានស្នើសុំឱ្យតុលាការឧទ្ធរណ៍ តម្កល់ទោស របស់គាត់ត្រឹមតែ០១ ឆ្នាំ និង លុបចោល សំំណងជម្ងឺចិត្ត ២០ ម៉ឺនដុល្លារអាមេរិក ពីព្រោះ គាត់ថា គាត់គ្មានលទ្ធភាពនឹងរកលុយសងនោះទេ សម័យកូវីដ១៩ ផង។
ការស្នើសុំរបស់ជនជាប់ចោទ ខាងលើនេះ បានធ្វើឡើង នៅក្នុងសវនាការ លើបណ្ដឹងឧទ្ធរណ៍របស់់គាត់ នៅសាលាឧទ្ធរណ៍ ភ្នំពេញ ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២១។
លោកយ៉ន់ ណារ៉ុង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ រ៉ែន កែវឡាយ ភេទ ប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅផ្ទះលេខ៥៦ ផ្លូវលំ សិត្ថនៅ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកាឆ្នាំ ២០១៩ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០១ ឆ្នាំ, ពិន័យជា ទឹកប្រាក់ចំនួន ០៤លានរៀល និង បង្គាប់ អោយសងជម្ងឺចិត្តចំនួន ២០ ម៉ឺនដុល្លារអាមេរិក អោយទៅក្រុមហ៊ុនម៉េលីជេគូនអេធ្យូខេសិន ដែលជាភាគី ដើមបណ្ដឹង នៅក្នុងរឿងក្តី។
តែគាត់បានប្តឹងជំទាស់នឹងសេចក្តីសម្រេច របស់តុលាការខាងលើ មកកាន់សាលាឧទ្ធរណ៍ ។
ជនជាប់ចោទត្រូវចាប់ខ្លួន នៅក្នុងឆ្នាំ ២០២០ តាមដីការបស់ តុលាការ និងយោងតាមបណ្តឹងរបស់ក្រុមហ៊ុន បន្ទាប់ពីគាត់បានទទួលម៉ៅការតខ្សែកាបអុបទិក និង ភ្លើងឲ្យក្រុមហ៊ុន ក្នុងតម្លៃ ៥៧, ៩៦១ តែស៊ីដាច់លុយ និង រត់គេចខ្លួន។
នាពេលសវនាការជនជាប់ចោទ ឈ្មោះ រ៉ែន កែវឡាយ បានឆ្លើយសារភាព ចំពោះកំហុសរបស់គាត់ ក៏ប៉ុន្តែ គាត់់បានទទួលស្គាល់ថា គាត់បានទទួលលុយតែចំនួន ៥៧, ៩៦១ ដុល្លារអាមេរិកប៉ុណ្ណោះ ពីភាគីក្រុមហ៊ុន។

គាត់និយាយថា គាត់ធានារ៉ាប់រង នឹងសងតែចំនួន ៥៧,៩៦១ តែងប៉ុណ្ណោះ។
រ៉ែន កែវឡាយ បានសុំឲ្យតុលាការឧទ្ធរណ៍ តម្កល់ទោសរបស់គាត់ ០១ ដដែល និង សុំឲ្យលុបចោលការផាកពិន័យ និង ថ្លៃ សងជម្ងឺចំនួន ២០ម៉ឺនដុល្លារ ទៅភាគីដើមបណ្ដឹង ពីព្រោះ គឺគាត់គ្មាន សមត្ថភាពនឹងរកលុយសងនោះទេ សម័យកូវីត១៩ផងនោះ។
សំណុំរឿងនេះ សាលាឧទ្ធរណ៍ភ្នំពេញនឹងប្រកាសសាលដីកា នៅថ្ងៃទី ០២ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៨ ព្រឹក៕
រក្សាសិទ្ធិដោយ ចន្ទា ភា