បាត់ដំបង ៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ភ្នាល់មាន់ជល់ ១ ករណី នៅចំណុចជីរក ស្ថិតនៅក្នុងភូមិបឹង ក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបាននាំខ្លួនមនុស្សចំនួន ៦នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

លោក វរសេនីយ៍ឯក ឈឿង គឹមសុង បានបញ្ជាក់ថា ការចុះបង្រ្កាបក្រុមញៀននឹងល្បែងភ្នាល់ប្រជល់មាន់នេះ បានអនុវត្តន៍តាមបទបញ្ជា ផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជា ការណែនាំរបស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ ។
លោកបានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រតិបត្តិការចុះបង្រ្កាបនេះដែរ កម្លាំងជំនាញបានដកហូតយកវត្ថុតាង រួមមាន ៖ ម៉ូតូចំនួន ៣គ្រឿង
,មាន់ជល់ចំនួន ៥ ក្បាល ,ស៊ុមាន់ចំនួន ២ ,សង្វៀនសម្រាប់ជល់មាន់ចំនួន ១ ,ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួន ១ ។

បច្ចុប្បន្នអ្នកញៀនល្បែងភ្នាល់ជល់មាន់ទាំង៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕រក្សាសិទ្ធិដោយ៖CEN




