Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករម្នាក់ ពិបាកជួលកម្មករបាញ់ថ្នាំក្នុងចំការ សម្រេចចិត្តទិញដ្រូនតម្លៃជាង ១០,០០០ដុល្លារ

ប៉ៃលិន ៖ គេសង្កេតឃើញថា នេះជាលើកដំបូងហើយ ដែលមានកសិករម្នាក់ ជាស្ត្រីមេម៉ាយ សម្រេចចិត្តទិញឧបករណ៍បាញ់ថ្នាំ (ដ្រូន) យកមកបង្ហោះបាញ់ថ្នាំកសិកម្ម កំចាត់សត្វល្អិត និងថ្នាំប៉ូវ លើដំណាំដាំដុះរបស់ខ្លួន ដូចជាស្វាយកែវរមៀត ស្វាយចន្ទីដំណាំពោតសរុបជាង១០ហិកតា នៅលើដីចំការរបស់ខ្លួនក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ដោយសារតែជួបនឹងលំបាកក្នុងការជួលកម្មករ ព្រោះគេទារថ្លៃខ្ពស់ លុះមានឧបករណ៍ខ្លួនឯង គាត់អាចស៊ីឈ្នួលដើរបាញ់ថ្នាំឱ្យអ្នកភូមិ បានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពបន្ថែមទៀត ។

កសិករ ប៊ុត ស្រីអូន ជាស្ត្រីមេម៉ាយ មានកូនប្រុស២នាក់ ក្នុងបន្ទុក រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានចំណាយថវិកាទិញដ្រូន១គ្រឿងតម្លៃជាង១ម៉ឺនដុល្លារ ហើយដែលគេចាត់ទុកថា ជាកសិករដំបូងក្នុងខេត្តប៉ៃលិន ដែលហ៊ានទិញដ្រូនយកមកបាញ់ថ្នាំ កំចាត់សត្វល្អិត និងថ្នាំប៉ូវ ក្នុងចំការ ដែលពុំធ្លាប់មានពីមុនមក។

លោកស្រីបានបន្តទៀតថា ៖ ចាប់តាំងពីទិញឧបករណ៍ (ដ្រូន) បាញ់ថ្នាំកសិកម្មកំចាត់សត្វដង្កូវ និង ថ្នាំប៉ូវនៅក្នុងចំការរបស់ខ្លួន បានរយ:ពេលជាង១ខែមកនេះ ពិតជាបង្កភាពងាយស្រួល និងមិនប៉ះពាល់ដល់សុខភាពដូចស្ពាយធុងថ្នាំពុលបាញ់ផ្ទាល់ដៃនោះឡើយ ហើយការបាញ់ថ្នាំក៏ឆាប់រហ័ស អាចស៊ីឈ្នួលបាញ់ថ្នាំឱ្យប្រជាពលរដ្ឋ នៅតាមចំការមួយចំនួន ក្នុងក្រុងប៉ៃលិនពេលទំនេរពីចំការរបស់ខ្លួនដែរ ។

ពេលនេះ បើកសិករណាម្នាក់ លំបាកជួលកម្មករទៅបាញ់ថ្នាំ អាចជួលដ្រូនរបស់គាត់ ដែលមានតម្លៃសមរម្យ យកទៅបាញ់ថ្នាំជូនបានភ្លាមៗ គឺដំណាំស្វាយកែវរមៀត ស្វាយចន្ទីរ តាង៉ែនហៅមៀនប៉ៃលិន ក្នុង១ហិកតា យកថ្លៃឈ្នួល ត្រឹមតែ៦០០០០រៀល ដំណាំពោតក្រហម ដំឡូងមី ១ហិកតាត្រឹមតែ តម្លៃ៥០០០០រៀល រីឯដំណាំស្រូវក្នុង១ហិកតា តម្លៃ៤០០០០រៀលប៉ុណ្ណោះ ។នៅក្នុងចំការគាត់ផ្ទាល់ ក្រោយប្រើឧបករណ៍ដ្រូនបាញ់ថ្នាំប៉ូវលើដំណាំ ត្រឹមតែរយ:ពេល១អាទិត្យ សង្កេតឃើញដំណាំរបស់ខ្លួនបញ្ចេញត្រួយខៀវខ្ចីគួរឱ្យកត់សម្គាល់ ។ គាត់មិនត្រឹមតែមានដ្រូនបាញ់ថ្នាំ គាត់ក៏មានលក់ជីកសិកម្ម និងថ្នាំប៉ូវសម្រាប់បាញ់ដំណាំគ្រប់ប្រភេទផងដែរ។ ការបាញ់ថ្នាំ ដោយឧបករណ៍ដ្រូននេះ មានភាពងាយស្រួល ធ្វើឱ្យស្រោចលើដំណាំសព្វកន្លែង(ស្លឹក) ក្នុង១ហិកតា បាញ់ត្រឹមតែរយ:ពេល១០នាទីប៉ុណ្ណោះ ដោយ១ថ្ងៃ អាចបាញ់ថ្នាំបានរហូតដល់២០ហិកតា ៕រក្សាសិទ្ធិដោយ៖CEN

×