ភ្នំពេញ ៖ យោងតាមកម្មវិធីជំនុំជម្រះព្រហ្មទណ្ឌ នៃតុលាការកំពូល នៅព្រឹកថ្ងៃទី១៣ ខែសៅហាឆ្នាំ២០២១ ស្អែកនេះ គ្រោងបើកសវនាការជំនុំជម្រះលើបណ្ដឹងប្តឹងសារទុក្ខ របស់ជនជាប់ចោទ ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ និង ឡាយ ណណារិទ្ធ អតីតស្នងការរងខេត្តតាកែវ សវនាការនេះដែរដឹកនាំដោយឯកឧត្ដម និល ណុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានឯកឧត្តម ឌុច គឹមសន ជាអគ្គព្រះរាជអាជ្ញា។

ការប្តឹងសាទុក្ខនេះបន្ទាប់ពីជនត្រូវចោទមិនសុខចិត្តទទួលយកការសុំម្រេចរបស់ លោក យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ កាលពីរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០២០ បានសម្រេចធ្វើការប្រកាសសាដីកា តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយជនជាប់ចោទបដិសេធកន្លងទៅនេះថា ខ្លួនមិនជាប់ ពាក់ព័ន្ធការសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនាទេ។
លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ បានសម្រេចផ្តន្ទាទោសលោក ឡាយ វណ្ណៈ ភេទប្រុសអាយុ៤៥ឆ្នាំ ដាក់ពន្ធនាគាររយៈពេល១៣ឆ្នាំ ពីបទឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា នឹងសម្រេចផ្ដន្ទាទោសលោក ឡាយ ណារិទ្ធ ភេទប្រុសអាយុ ៤៦ ឆ្នាំ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារ១០ឆ្នាំ ។ ចំណែកឈ្មោះ ជឹម វុធ ភេទប្រុសអាយុ៤១ឆ្នាំ និង ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុសអាយុ៣៦ឆ្នាំ ត្រូវដាក់ពន្ធនាគារកំណត់ ម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លាក់កំបាំងតម្រុយ តាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា លោក ឡាយ វណ្ណៈ លោក ឡាយ ណារិទ្ធ ត្រូវជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ ត្រូវបានតុលាការ ចោទប្រកាន់ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ដោយ ឡែកឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុធ អាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ ៕ ក្សាសិទ្ធិដោយ៖ជំនោ
