ខេត្តព្រះសីហនុ ៖ យោងតាមសេចក្តីរបស់រដ្ឋបាលខេត្ត នារសៀលថ្ងៃទី១២សីហានេះ បានឲ្យដឹងថា រដ្ឋបាលខេត្តបាន រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ៨ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ ពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា តាមច្រកឡែម ដោយធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។
កុមារាអាយុ៨ឆ្នាំម្នាក់នេះ បានមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដោយធ្វើចត្តាឡីស័ក នៅអគារព្យាបាលសាកាណា៣ និងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ បញ្ជូនទៅធ្វើតេស្តវិភាគ នៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទទួលបានលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ Delta។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ជំរុញដល់សាធារណជន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា កុមារ មានជំងឺកូវីដបំប្លែងប្រភេទថ្មីនេះ មកពីប្រទេសថៃ ជាមួយម្ដាយ ក៏ប៉ុន្តែ ម្ដាយមានវិជ្ជមានកូវីដ១៩ តែមិនមាន ប្រភេទបំប្លែងថ្មីនេះទេ ៕ រក្សាសិទ្ធិដោយ៖ CEN