កណ្តាល ៖ ក្នុងការចុះពិនិត្យវឌ្ឍនភាព ស្ថានភាពទូទៅនៃការបញ្ចប់ការងារសាងសង់អគារសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ស្នើឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ ដាក់អ្នកជំងឺកូវីដ-១៩ ប្រភេទ Delta និងអ្នកធ្វើចត្តាឡីស័កពាក់ព័ន្ធ Delta ឱ្យនៅដាច់ដោយឡែកពីគេ។

ថ្លែងនៅអគារសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់បណ្ដាអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំឱ្យបានរួចរាល់ទាំងអស់ នូវទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រភេទថ្មី Delta និងអ្នកធ្វើចត្តាឡីស័កពាក់ព័ន្ធមេរោគ Delta ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ ដើម្បីងាយស្រួលព្យាបាល និងគ្រប់គ្រងឱ្យទាន់សភាពការណ៍ ពិសេសជៀសវាងការចម្លងជំងឺប្រភេទនេះ ដល់អ្នកជំងឺកូវីដប្រភេទធម្មតា។
ដោយពិនិត្យឃើញរដ្ឋបាលខេត្តកណ្ដាល កំពុងប្រឈមនឹងការខ្វះអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ លោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បានសម្រេចប្រគល់ អគារពេទ្យចំនួន ២ គឺ ទី១ «អគារវះកាត់ សុភាវី» មានទំហំ ៤០ម៉ែត្រ គុណ ១៣ម៉ែត្រ កម្ពស់ ៥ជាន់ សាងសង់សម្រេចបាន ៨៥% , និងទី២ «អគារសម្ភព សុភាវ័ន្ត» មានទំហំ ៤០ម៉ែត្រ គុណ ១៣ម៉ែត្រ កម្ពស់ ៤ជាន់ សាងសង់សម្រេចបាន ៧០% ជូនដល់រដ្ឋបាលខេត្ត នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ដើម្បីយកទៅចាត់ចែងសាងសង់បញ្ចប់ ដើម្បីប្រើប្រាស់សម្រាប់ឆ្លើយតបទៅនឹងស្ថានភាពអ្នកជំងឺកូវីដ-១៩ កំពុងមានការកើនឡើង និងប្រើប្រាស់សម្រាប់ផ្ដល់សេវាព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ នៅពេលជំងឺកូវីដ-១៩ ត្រូវបានលុបបំបាត់ទាំងស្រុង។

គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ៤៤ករណី ថែមទៀត នៅក្នុងប្រទេសកម្ពុជា។ បើគិតសរុបចាប់តាំងពីថ្ងៃឆ្លងមេរោគនេះ ចូលកម្ពុជា គឺក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ប្រភេទថ្មី Delta នេះ លើពលករត្រឡប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើង ហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤២៩នាក់ (ស្រី្ត ២០៩នាក់)៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN








