នារីវ័យក្មេងម្នាក់ បានធ្វើឲ្យគ្រប់គ្នាជាអ្នកធ្វើដំណើរឆ្លងកាត់លើស្ពានជ្រោយចង្វារ ពិតជាការភ្ញាក់ផ្អើល និងគួរឲ្យរន្ធត់ចិត្តជាខ្លាំង កាលពីវេលាម៉ោង ១ និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ ខណៈឃើញនាងបានឡើងបង្កាន់ដៃស្ពាន បម្រុងលោតចុះក្នុងទឹកទន្លេ ដោយគេមិនដឹងថាមានវិបត្តិរឿងអ្វីនោះទេ ប៉ុន្តែ សំណាងហើយ ដែលរូបនាងបានត្រូវបានអ្នកដំណើរ និងអ្នកសារព័ត៌មានជួយសង្គ្រោះទាន់។
បើតាមការសាកសួរមូលហេតុ នារីគិតខ្លីរូបនេះ បានប្រាប់ឲ្យដឹងថា នាងមានវិបត្តិស្នេហា ទើបសម្រេចចិត្តមកចង់បញ្ចប់ជីវិតបែបនេះ។ តែទោះយ៉ាងណា ក្រោយត្រូវបានជួយសង្គ្រោះ សមត្ថកិច្ច និងរួមទាំងអ្នកសារព័ត៌មាន បានជូននាងទៅដល់ទីកន្លែងស្នាក់នៅរបស់នាងដោយសុវត្ថិភាព ស្ថិតនៅម្តុំផ្សារកណ្តាល។
តែយ៉ាងណាមិញ ក្រោយឃើញមហាជនភាគច្រើនស្តីបន្ទោសឲ្យធ្ងន់ៗ ទៅលើនារីម្នាក់នេះ ដែលបានគិតខ្លីដោយសារតែមនុស្សប្រុសក្បត់ម្នាក់ ដោយមិនគិតដល់ឪពុកម្តាយ ដែលខំចិញ្ចឹមបីបាច់តាំងតូចសោះ បុរសចិត្តធម៌ម្នាក់ជាអ្នកជួយសង្គ្រោះមានគណនីហ្វេសប៊ុកឈ្មោះ Dyamong Mony ក៏បានបង្ហាញអារម្មណ៍មួយនេះថា «ពួកខ្ញុំបានជូនគាត់ដល់ផ្ទះហេីយ ផ្ទះគាត់នៅម្តុំផ្សារកណ្តាល ខ្ញុំបានសួរគាត់ដែរ គាត់រស់នៅបន្ទប់ជួលតែម្នាក់ឯងទេ ខ្ញុំជឿថាការស្រលាញ់អ្នកណាក៏មានដែរ តែគ្នានៅម្នាក់ឯង ខុសត្រូវគ្មានអ្នកប្រឹក្សាជាមួយ គិតខ្លី រស់នៅម្នាក់ឯងឆ្ងាយពីគ្រួសារ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង