ភ្នំពេញ ៖ ចំពោះករណីមន្ត្រីមួយចំនួនបានចោទប្រកាន់លោកផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្មបានប្រព្រឹត្តអំពើពុករលួយអំពើពុករលួយ គឺរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដោះស្រាយជាបន្តបន្ទាប់ហើយ។ ប៉ុន្តែចំពោះវិធានការរដ្ឋបាលយ៉ាងណានោះ លោករដ្ឋមន្ត្រីមិនបានបញ្ជាក់នោះទេ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន់ សូរស័ក្តិ បានបញ្ជាក់ថា លោកនឹងដោះស្រាយបញ្ហានេះ ពីព្រោះកិច្ចការនេះ ជាកិច្ចការផ្ទៃក្នុងទេ ។ លោកបញ្ជាក់យ៉ាងដូច្នេះថា “យើងនឹងដោះស្រាយជាបន្តបន្ទាប់ហើយអត់មានបញ្ហាអីទេ កិច្ចការនេះគឺជាកិច្ចការផ្ទៃក្នុងទេ យើងជជែកគ្នាក្នុងផ្ទៃក្នុងហើយ នឹងមានការដោះស្រាយជាបន្តបន្ទាប់ហើយ”។
លោកប៉ាន់ សូរស័ក្តិ បានបញ្ជាក់ទៀតថា “ការកែទម្រង់ជាការធម្មតាទេ តាមពិតទៅយើងមានភាពរីកចម្រើនច្រើនណាស់ ក្នុងកិច្ចការកែទម្រង់នេះ តាមបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហើយនេះជាបញ្ហាតិចតួច ហើយយើងបានដោះស្រាយផ្ទៃក្នុងអស់ហើយ”។

ប្រភពពីមន្ត្រីបានឲ្យដឹងថា បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានហាមឃាត់សកម្មភាព អំពើពុករលួយលែងឲ្យមានកាត់ប្រាក់រង្វាន់ លើកទឹកចិត្តរបស់មន្ត្រី ក.ប.ប. ប្រចាំខែរូចមក គឺលោកផាន អូន បានបង្វែសកម្មភាពពុករលួយរបស់ខ្លួន កាត់ប្រាក់យន្តការដែលក្រសួងបានផ្តល់ឲ្យស្ថាប័នតាមរាជធានី ខេត្ត ក្នុងការចំណាយផ្សេងៗ ដើម្បីអនុវត្តផែនការការងារប្រចាំខែរបស់ស្ថាប័នទាំងនោះជំនួសវិញ។ ហើយលោកផាន អូន បានបែងចែកមួយចំនួនសម្រាប់ខ្លួនឯង និងមួយចំនួនទៀតដាក់ចូលទៅមន្ត្រីមួយចំនួននៅក្រសួងពាណិជ្ជកម្មដើម្បីធ្វើជាខ្នងបង្អែក។
មន្ត្រីបានបន្តថា នៅពេលនេះ លោកផាន អូន បានតម្រូវឲ្យប្រធានសាខា និងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រ៉ៃអង្គាសថវិកាផ្ទាល់ខ្លួនដើម្បីរ៉ាប់រងការចំណាយរបស់អង្គភាពទៅវិញ ខណៈដែលក្រសួងបានផ្តល់ឲ្យសម្រាប់អនុវត្តការងារប្រចាំខែនោះ ត្រូវបានលោកផាន អូន និងមន្ត្រីក្រសួងពាណិជ្ជកម្មស៊ីដាច់អស់ហើយ។

ជាមួយគ្នានេះ ក្រុមមន្ត្រីបានស្នើឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការចំពោះលោកផាន អូន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ពីព្រោះលោកផាន អូន តែងតែយកឈ្មោះថ្នាក់ដឹកនាំមកបិទបាំងអំពើអាក្រក់របស់ខ្លួន ដោយអះអាងថា អ្វីៗដែលគាត់ (ផាន អូន) បានធ្វើគឺដើម្បីថ្នាក់ដឹកនាំតែប៉ុណ្ណោះ។
ក្រុមមន្ត្រីបានទម្លាយទៀតថា បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវពុករលួយរបស់លោកផាន អូន គឺក្រសួងពាណិជ្ជកម្មបានធ្វើកំណែទម្រង់ឲ្យមមន្ត្រីនៅអគ្គនាយកដ្ឋាន ក.ប.ប. អាចបើកប្រាក់លើកទឹកចិត្តរបស់ខ្លួនតាមធនាគារ ដើម្បីបញ្ឈប់ការកាត់ប្រាក់លើកទឹកចិត្តរបស់ពួកគេពីលោកផាន អូន ជាបន្តទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកផាន អូន នៅតែអាចប្រព្រឹត្តអំពើពុករលួយបានដោយរលូនដដែល តែធ្វើឡើងតាមវិធីផ្សេងដូចជាកាត់លុយស្ថាប័នតាមរាជធានី ខេត្តជាដើម។

ទាក់ទងការចោទប្រកាន់នេះ លោកផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម មិនធ្វើអត្ថាធិប្បាយទេ។
សូមជម្រាបថា លោកផាន អូន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ជំនួសលោកម៉ក់ ពេជ្ររិទ្ធ។ ក្រោយពីទទួលបានកាន់តំណែងនេះ លោកផាន អូន បានរៀបចំខ្សែបណញតាញជាសាច់ញាតិរបស់ខ្លួក្នុងតួនាទីសំខាន់ៗ ដើម្បីអាចប្រព្រឹត្តអំពើពុករលួយបានដោយរលូនគ្មានការរាំងស្ទះ។
គួរបញ្ចាក់ថា បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានកាំកុងត្រូលបានប្តូរឈ្មោះថ្មីទៅជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប)៕ រក្សាសិទ្ធិដោយ៖ចេស្តារ