ភ្នំពេញ ៖ លោកគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ បានមានប្រសាសន៍ថា លទ្ធផលនៃការអនុវត្តច្បាប់របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ គឺមានបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលដែលត្រូវបានអាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត និមួយៗ គឺមាន ៩៥៥៦ករណី និងឃាត់ខ្លួនមនុស្សដើម្បីធ្វើការអប់រំ និងពិន័យ គឺមានចំនួន ១៦៥៤៧នាក់ និងជនដែលល្មើសវិធានការសុខាភិបាល ដែលត្រូវបញ្ជូនទៅតុលាការមានចំនួន ៣២នាក់។ ចំពោះការឃាត់យានយន្តមានចំនួន ៧២៦១គ្រឿង ការបទអាជីវកម្មមួយកន្លែង និងការពិន័យជាប្រាក់គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានជាង ៤៥២លានរៀល។

អ្នកនាំពាក្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ បានបញ្ជាក់ថា “បុគ្គលដែល្មើសប៉ុន្មាននាក់នេះ គឺជាបុគ្គលដែលព្យាយាម មិនអនុវត្តនៅវិធានការរបស់អាជ្ញាធរហើយ បានជាអាជ្ញាធរអនុវត្តនៅវិធានការច្បាប់ចំពោះបុគ្គលប្រភេទនេះ។ ហើយការដែលដាក់ចេញនៅវិធានការនានានេះ គឺក្នុងគោលបំណងការពារអាយុជីវិត ក៏ដូចជាសុខុមាលលភាពបងប្អូនប្រជាពលរដ្ឋយើង ពីព្រោះយើងដឹងថា មេរោគកូវីដ១៩នេះ វាអត់ស្គាល់អ្នកជាអ្នកណាទេ ហើយក៏គ្មានស្គាល់ថ្ងៃស្គាល់យប់ដែរការចម្លង។ ទន្ទឹមជាមួយនឹងការឆ្លងនេះ មេរោគនេះក៏បានបំផ្លាញនៅអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើងដែរ។ ដូច្នះហើយវិធានការដើម្បីការពារសុខមាលភាពបងប្អូន ការពារនៅអាយុជីវិតបងប្អូន គឺជារឿងចាំបាច់ដែរត្រូវធ្វើ។ ហើយអ្នកប្រហែសប៉ុន្មាននាក់នេះ គឺជាអ្នកដែលអាចនឹងបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺក្រុមគ្រួសារខ្លួនឯងតែម្តង ដែលបានអនុវត្តនៅវិធានការត្រឹមត្រូវ។ ដូច្នេះហើយបើសិនជាមិនពង្រឹងអនុវត្តវិធនាការច្បាប់ទេ ជនប៉ុន្មាននាក់នេះហើយដែលគាត់នឹងទៅបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយដល់បងប្អូនប្រជាពលរដ្ឋដែលជាក្រុមគ្រួសារគាត់ជាដំបូងនោះ។ ដូច្នេះហើយការអនុវត្តវិធនាការច្បាប់នេះ ចំពោះបុគ្គលមួយចំនួនដែលនៅល្មើសវិធានការនេះ គឺអាជ្ញាធរមិនមានការរារែកក្នុងការអនុវត្តទេ”។

លោកគឹម សន្តិភាព បានមានប្រសាសន៍ថា អ្វីដែលជាប្រសិទ្ធភាពបំផុតនៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ គឺថ្នាំទិព្វនោះ គឺការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ គឺចេញពីបុគ្គលម្នាក់ៗ គឺការចូលរួមអនុវត្តវិធនាការសុខាភិបាលពាក់ព័ន្ធទៅនិងការការពារ អនុវត្ត៣កុំ ៣ការពារ ហើយនិងអនុវត្តរាល់វិធានការសុខាភិបាល ដែលបានដាក់ចេញមានដូចជា ការចាក់វ៉ាក់សាំង ការពាក់ម៉ាស់ និងរក្សាគម្លាត កុំទៅទីកន្លែងណាដែលមានការបិទជិត និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានការ ដែលរដ្ឋបាលដែលអាជ្ញាធររាជធានី ខេត្ត បានដាក់ចេញ ទាំងអស់នេះហើយ គឺជាថ្នាំទិញក្នុងការចូលរួមទប់ស្កាត់ ការីករាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍៕ រក្សាសិទ្ធិដោយ៖ចេស្តារ







