ប៉ៃលិន៖ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ សំណុំរឿងព្រហ្មទណ្ឌ របស់សាលាដំបូងខេត្តប៉ៃលិន និងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លោក ហោ គាឡេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះឈុន សិទ្ធី ហៅគ្រូធី សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានកូតាគណបក្សសង្គ្រោះជាតិ ពីបទ ញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រមាថ អ្នករាជការសាធារណៈ ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់តុលាការខេត្តប៉ៃលិន កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៧ បានបញ្ជាក់ថា ឈ្មោះ ឈុន សិទ្ធី ហៅគ្រូធី ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ ជាសមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ទីកន្លែងកំណើតកំណើតនៅភូមិត្រកូន ឃុំពោធិអង្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទ ៖ ញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រមាថ (អ្នករាជការសាធារណៈ) ប្រព្រឹត្តទៅនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤៩៥ និងមាត្រា៥០២ នៃក្របព្រហ្មទណ្ឌ។ ហេតុដូចនេះ បង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួន ជនត្រូវចោទ ដែលមានឈ្មោះឈុន សិទ្ធី ទៅពន្ធនាគារខេត្តប៉ៃលិន ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។ បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តប៉ៃលិន ទទួលយកជននេះ និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។ បង្គាប់ឲ្យអ្នកគ្រប់គ្រងភ្នាក់ងារ នៃកងកម្លាំងសាធារណៈ ទាំងអស់នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការអនុវត្តឲ្យបានល្អនៅក្នុងករណីចាំបាច់។
សូមបញ្ជាក់ថា លោក ឈុន សិទ្ធី ត្រូវបានចោទប្រកាន់ថាបានបង្ហោះវីដេអូមួយ តាមបណ្ដាញសង្គមហ្វេសប៊ុក ដែលជាការប្រមាថ និងញុះញង់ឲ្យមានការរើសអើងរហូត ប្រើពាក្យឌឺដងដាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលនិយាយថា មិនបានចង់បានប្រាក់ខែ៥៧ម៉ឺនរៀលនេះទេ នឹងបើទោះបីប្រាក់ខែរហូតដល់៥៧ម៉ឺនដុល្លារ ក៏មិនចង់បាននោះដែរ៕ ដោយ៖ជាលី