ភ្នំពេញ ៖ សន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា បានងើបឡើងវិញ ០,៣៨ភាគរយ មកបិទត្រឹម ៥៣២,៥៨ ពិន្ទុនៅថ្ងៃព្រហស្បតិ៍នេះ ដោយមានទំហំជួញដូរភាគហ៊ុនសរុបប្រមាណជិត ១,៧៧ ប៊ីលានរៀល ដែលបណ្តាល
មកពីមានការជួញដូរតាមវិធីសាស្រ្តជួញដូរ តាមការចរចាមួយលើភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ក្រៅពីភាគហ៊ុន អេស៊ីលីដា (ABC) ដែលបានធ្លាក់ចុះ ៤០មកត្រឹម ១២.៣៨០រៀល ក្នុងមួយហ៊ុន ភាគហ៊ុនចំនួន ៦ខផ្សេងទៀត បានកើនឡើងចន្លោះ ២០រៀល ទៅ២០០រៀលក្នុងមួយហ៊ុន។
ភាគហ៊ុន PEPC មានកំណើននាំមុខគេ មកបិទនៅថ្លៃ ៣.៣៨០រៀល ដល់កម្រិតខ្ពស់ជាងគេក្នុងរយៈពេល ៥៤ថ្ងៃចុងក្រោយនៃថ្ងៃជួញដូរ និងបានឡើងថ្លៃជាមួយ នឹងភាគរយកំណើនប្រើនជាងគេរហូតដល់ទៅ ៦,២៩ភាគរយ។ GTI មានកំំណើនខ្ពស់បន្ទាប់ចំនួន ១៦០រៀល ឡើងដល់ ៤.៩៨០រៀលក្នុងមួយហ៊ុន ជាលទ្ធផលបានបំបែកកំណត់ត្រាថ្លៃខ្ពស់ជាងគេម្តងទៀតរបស់ខ្លួន។
ហ៊ុនPWSA និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានកើនឡើង ១២០រៀល ក្នុងមួយហ៊ុនដូចគ្នា មកបិទនៅថ្លៃ ៧.១៦០រៀល និង ១៣.៧២០រៀល។ ហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានកើនឡើង ៧០រៀល ដល់ ២.១៣០ រៀលហើយ PPAP វិញមានកំណើន២០រៀល ប៉ុណ្ណោះមក ១៤.៩៨០រៀល៕ រក្សាសិទ្ធិដោយ៖CEN

