ភ្នំពេញ ៖ សង្គមឌីជីថល ជាសង្គមស៊ីវិល័យ ដែលមានបច្ចេកវិទ្យាឌីជីថលដើរតួរសំខាន់ ក្នុងសេដ្ឋកិច្ច ធុរកិច្ច មុខរបរ ការងារ ក៏ដូចជាទំនាក់ទំនងសង្គម និងសេវាសាធារណៈផ្សេងៗ ពាក់ព័ន្ធនឹងជីវិត និងការងារ។
មន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសេដ្ឋកិច្ច នៅកម្ពុជាទាំងវិស័យឯកជន និងរដ្ឋ នៅមានកម្រិតទាបនៅឡើយ។ ជាមួយគ្នានេះកម្ពុជា បានដាក់គោលដៅ រយៈពេល១៥ឆ្នាំ ដើម្បីសម្រេចឱ្យបាននូវសង្គមឌីជីថលមួយ ដែលស៊ីវិល័យ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង ក្នុងការអញ្ជើញចូលរួមថ្លែងបាឋកថាពិសេស ស្ដីពី “យុវជន និងសង្គមឌីជីថល” ក្នុងកម្មវិធី ជជែកដេញដោល យុវជនថ្នាក់ជាតិ២០២១ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាតាមរយៈប្រព័ន្ធអនឡាញ ដើម្បីឲ្យរដ្ឋ និងវិស័យឯកជន ប្រើប្រាស់បច្ចេកវិទ្យា។

ឯកឧត្តម វង្សី វិស្សុត បានឲ្យដឹងថា រាជរដ្ឋាភិបាលត្រូវតែដើរតួរនាទីដ៏សំខាន់ ក្នុងការដឹកមុខនាំមុខគេ ក្នុងការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីឲ្យមានវឌ្ឍនភាព ក្នុងការទទួលយកនូវការអនុម័តវិស័យឌីជីថល ក្នុងវិស័យទាំងអស់។ ដូច្នេះ កម្ពុជាបានដាក់គោលដៅរយៈពេល១៥ឆ្នាំ ដើម្បីសម្រេចឲ្យបាននូវសង្គមឌីជីថល ប៉ុន្ដែកម្ពុជា ត្រូវការពេលយូរជាងនេះ ដោយមិនតិចជាង៣០ឆ្នាំទេ ដើម្បីដើរដល់សង្គមឌីជីថល ក្នុងកម្រិតខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា កម្ពុជាមិនមែនចាប់ផ្ដើមពីសូន្យនោះឡើយ ពោលគឺកម្ពុជា បានចាប់ផ្ដើមក្នុងកម្រិតមួយហើយ ក្នុងការកសាងសង្គមឌីជីថល។
គួរបញ្ជាក់ថា បើតាមមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បច្ចុប្បន្ន មានអ្នកប្រើទូរស័ព្ទជាង១០០ភាគរយ និងអ្នកប្រើប្រាស់សេវាអ៊ីនធឺណែន ប្រមាណ៨០ភាគរយ ប៉ុន្ដែភាគច្រើន ប្រើប្រាស់អ៊ីនធឺណែន ក្នុងការលេងកំសាន្ដ ខណៈការប្រើប្រាស់សម្រាប់ធ្វើការងារនៅមានកម្រិត៕ រក្សាសិទ្ធិដោយ៖CEN

