បាត់ដំបង ៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញលិខិតបង្គាប់ការ ស្តីពីការចាត់បញ្ជូនមន្រ្តីនគរបាលជាតិ ឲ្យចូលបម្រើការងារក្នុងអង្គភាពដើមវិញ គឺបង្គាប់ឲ្យលោកវរសេនីយ៍ឯក យឹម វិចិត្រ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យចូលបម្រើការងារក្នុងអង្គភាពដើមវិញ ក្រោយប្រែនូវកំហុសឆ្គងរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។
យោងតាមលិខិតបង្គាប់ការរបស់ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានបញ្ជាក់ថា ត្រូវបានចាត់បញ្ជូនលោកវរសេនីយ៍ឯក យឹម វិចិត្រ អត្តលេខ ០៧៧៤៦ ឋានៈ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យចូលបម្រើការងារក្នុងអង្គភាពដើមវិញ។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានបញ្ជាក់ថា លោកវរសេនីយ៍ឯក យឹម វិចិត្រ ត្រូវកែប្រែនូវកំហុសឆ្គងរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ក្នុងករណីនៅតែប្រព្រឹត្តកំហុសឆ្គងលើកទីពីរទៀតនោះ ស្នងការនគរបាលខេត្តបាត់ដំបង នឹងមានវិធានការជាក់ស្តែងតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។

សូមជម្រាបថា លោកវរសេនីយ៍ឯក យឹម វិចិត្រ ត្រូវបានថ្នាក់លើផ្អាកការងារបណ្ដោះអាសន្ន ក្រោយប្រើប្រាស់អំពើហិង្សាលើកូនចៅរបស់ខ្លួន និងមានរឿងមិនប្រក្រតីផ្សេងទៀត ស្រាប់តែពេលនេះត្រូវបានអនុញ្ញាតឲ្យកាន់ តួនាទីដូចដើម ជាហេតុនាំឲ្យមន្រ្តីនគរបាលក្រោមឱវាទមិនពេញចិត្ត។
គួរកត់សម្គាល់ផងដែរថា លោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ប្រចាំស្រុកសំឡូតបានប្រើហិង្សាទៅលើនាយផ្នែកភស្តុភាហើយត្រូវបានលោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តចេញលិខិតបង្គាប់ការ និងបានចុះប្រកាសដកបញ្ឈរជើងកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១នេះ។

ថ្មីៗនេះមានករណីហិង្សាមួយ បានកើតឡើងនៅក្នុងទីតាំងវរៈ៨២៣ ដោយនៅព្រឹកនោះក៏មានមន្ត្រីប៉ូលិសយ៉ាងច្រើនកុះករ ដែលត្រៀមចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការកងឯកភាពស្រុក ក្រោមអធិបតីភាពលោក ណុប ដារ៉ា អភិបាលរងខេត្តក្នុងទិសដៅការពារនិងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទឯអ្នកបង្កគឺជាលោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨២៣ ដែលបានវាយទៅលើ លោកនាយផ្នែកភស្តុភាទាំងកណ្តាលចំណោមមនុស្សដែលជាទង្វើមើលងាយនិងប្រមាថយ៉ាង ខ្លាំងដល់មន្ត្រីក្រោមឱវាទ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


