ខេត្តកែប ៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដែលចំណាយទឹកប្រាក់ជិត ៥ពាន់លានរៀល នៅតែដំណើរការសាងសង់ជាធម្មតា បើទោះបីជាកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ដែលគិតមកទល់នឹងពេលនេះ កំពង់ផែសម្រេចបានប្រមាណ ៧៥ភាគរយ ហើយគ្រោងនឹងបញ្ចប់ ការសាងសង់ នៅក្នុងអំឡុង ៣ខែខាងមុខនេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះ មានលទ្ធភាពអាចទទួលចតនាវាដែលមានផ្ទុកអ្នកដំណើរបានក្រោម ៣០០នាក់ និងទំនិញផ្សេងៗ អាចដឹកបានមិនលើសពី ១៥តោន។
ឯកឧត្តមបន្តថា កំពង់ផែនេះ បានបើកដំណើរការសាងសង់ ដើម្បីត្រៀមបម្រើឱ្យវិស័យទេសចរណ៍ ដែលយ៉ាងយូររយៈពេល៣ខែទៀត នឹងអាចប្រើប្រាស់ជាបណ្តោះអាសន្នបានហើយ ដែលនេះគឺជាការពង្រីកសក្តានុពល វិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែប តាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈានទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរ សម្រាប់ថ្ងៃអនាគត។

បើតាមអភិបាលខេត្តកែប ក្រៅតែពីការកសាងកំពង់ផែទេសចរណ៍កោះទន្សាយនេះ ខេត្ត កំពុងអនុវត្តន៍គម្រោងការសាងសង់កំពង់ផែដឹកជញ្ជូនថ្មីមួយទៀតដែរ នៅសេះស ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណជិត ២លានដុល្លារ ដែលអាចផ្ទុកនាវាដឹកទំនិញក្នុងរង្វង់ ១ពាន់តោន។ ក្រៅពីកំពង់ផែទាំង ២នេះ ខេត្តកែប ក៏នឹងគ្រោងកសាងកំពង់ផែថ្មីមួយទៀតផងដែរ នៅកោះទន្សាយ តាមរយៈមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការពង្រីកវិសាលភាពទេសចរណ៍ ទៅកាន់បណ្តាកោះទាំង ១២ របស់ខេត្តកែប។
គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍កោះទន្សាយ នេះ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូប ក្តាម ចម្ងាយពីដីគោក ចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណជាង ៤ពាន់ម៉េត្រការ៉េ (៤៦៦១,៥០ម៉ែត្រការ៉េ)៕រក្សាសិទ្ធិដោយ៖CEN




