ភ្នំពេញ ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១ បានសម្រេច លើកពេលសវនាការជំនុំជម្រះ លើបណ្ដឹងប្តឹងសារទុក្ខ របស់ជន ជាប់ចោទ ឈ្មោះឡាយ វណ្ណៈ អតីត ចៅហ្វាយ ខេត្តតាកែវ និង លោកឡាយ ណណារិទ្ធ អតីតស្នងការរងខេត្តតាកែវ ទៅធ្វើនៅពេលក្រោយវិញដោយមិនទាន់កំណត់ពេលវេលានៅឡើយ។
នៅព្រឹកមិញនេះ សវនាការតុលាការកំពូលបានត្រឹមប្រកាសលើកពេលសវនាការ ខណៈពេលដែលជាប់ចោទ ក៏មិនត្រូវបានបង្ហាញខ្លួន នៅក្នុងបន្ទប់សវនាការដែរ។ តាមកម្មវិធីជំនុំជម្រះសវនាការនេះ នឹងដឹកនាំដោយឯកឧត្ដម និល ណុន ជាប្រធានក្រុម ប្រឹក្សាជំនុំជម្រះ និងមានឯកឧត្តម ឌុច គឹមសន ជាអគ្គព្រះរាជអាជ្ញា។
តុលាការបញ្ជាក់ថាការប្តឹងសាទុក្ខរបស់ជន ជាប់ចោទបានធ្វើឡើងព្រោះខ្លួនមិនសុខចិត្តទទួល យកការសម្រេច សាលាឧទ្ធរណ៍ កាលពីរសៀល ថ្ងៃទី៣០ខែមិនាឆ្នាំ ២០២០ បានសម្រេចធ្វើការ តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៣ឆ្នាំករណីឃាតកម្មសម្លាប់ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ភេទស្រីអាយុ៣៦ឆ្នាំទេ។

គួរបញ្ជាក់ថា លោក ហម ម៉េងសែ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ បានសម្រេចផ្តន្ទាទោសលោក ឡាយ វណ្ណៈ ភេទប្រុសអាយុ៤៥ឆ្នាំ ដាក់ពន្ធនាគារ១៣ឆ្នាំពីបទ. ឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា និងផ្ដន្ទាទោសលោក ឡាយ ណារិទ្ធ ភេទ ប្រុសអាយុ ៤៦ ឆ្នាំ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោក ឡាយ វណ្ណៈដាក់ពន្ធនាគារ១០ឆ្នាំ ។
ជនជាប់ដទៃទៀតមានឈ្មោះ ជឹម វុធ ភេទប្រុសអាយុ ៤១ ឆ្នាំ និង ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុសអាយុ៣៦ឆ្នាំ ត្រូវដាក់ពន្ធនាគារកំណត់ ម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លាក់កំបាំងតម្រុយ តាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថាករណីឃាតកម្មនេះបានកើតឡើងនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ដោយ ឡែកឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ ឆ្នាំ និង ឈ្មោះ ជឹម វុធ អាយុ៤១ឆ្នាំ ជាប់ ចោទពីបទលាក់បំបាំងតម្រុយ ៕រក្សាសិទ្ធិដោយ៖ជំនោ






