ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានហៅការព្រួយបារម្ភ របស់អង្គការសង្គមស៊ីវិលមួយចំនួនតូច ចំពោះការបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងព័ត៌មាន គឺគ្រាន់តែមានចេតនា នៅក្នុងការញុះញង់ទៅដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនឲ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌វិជ្ជាជីវៈដែលមានចែងនៅក្នុងច្បាប់។
លោកមាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់ CEN ថ្ងៃទី១៣ ខែសីហានេះថា ទាក់ទងទៅនិងការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលបង្ហាញអំពីការព្រួយបារម្ភ ចំពោះការបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលក្រសួងព័ត៌មានទើបតែបង្កើតឡើងកាលពីពេលថ្មីៗនេះ គឺជាការព្រួយបារម្ភដែលមិនបានយល់ច្បាស់ និងគ្រប់ជ្រុងជ្រោយអំពីតួនាទីភារកិច្ចរបស់គណៈកម្មការនេះនៅឡើយទេ។
លោកបានបន្តថា ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចនេះ គឺគ្រាន់តែមានចេតនានៅក្នុងការញុះញង់ ទៅដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនឲ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ទៅតាមក្រមសីលធម៌វិជ្ជាជីវៈដែលមានចែងនៅក្នុងច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន និងហាក់ដូចជាមានចេតនាចង់លើកតឹកចិត្តឲ្យអ្នកសារព័ត៌មាន បំពេញវិជ្ជាជីវៈរបស់ខ្លួនដោយខ្វះក្រមសីលធម៌ទៅវិញ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា គណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បង្កើតឡើងក្នុងគោលបំណងដើម្បីលើកស្ទួយនូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មាន ព្រមទាំងតម្រង់ទិសដល់អ្នកសារព័ត៌មាន ក៏ដូចជាអង្គភាពសារព័ត៌មានឲ្យអនុវត្តតួនាទីរបស់ខ្លួន ឲ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។ មិនមែនបង្កើតឡើងដើម្បីយកអ្នកសារព័ត៌មាន ជាគោលដៅដើម្បីធ្វើការតាមដានបំភិតបំភ័យដាក់សំពាធ ឬបំបិទសិទ្ធិសរីភាពខាងសារព័ត៌មាននោះទេ។
អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា ដោយឈរលើស្មារតីលើកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន ការការពារផលប្រយោជន៍ ចំពោះអ្នកសារព័ត៌មាន ទើបក្រសួងព័ត៌មានបង្កើតគណៈកម្មការនេះឡើង ដោយឲ្យមានការចូលរួមពីសហព័ន្ធ សមាគមនិងក្លឹបសារព័ត៌មានមួយចំនួនចូលរួមនៅក្នុងគណៈកម្មការនេះ ដើម្បីផ្តល់មតិយោបល់ក្នុងការវាយតម្លៃ ទៅលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកការអនុវត្តវិធានការ ការវាយតម្លៃផ្សេងៗពាក់ព័ន្ធទៅនិងការប្រកបវិជ្ជាជីវៈសារព័ត៌មាន គឺជាសិទ្ធិផ្តាច់មុខរបស់ក្រសួងព័ត៌មាន ប៉ុន្តែដោយឈរលើស្មារតីនៃការលើកម្ពស់សិទ្ធិសរីភាពខាងសារព័ត៌មាន ក៏ដូចជាគិតផលប្រយោជន៍ដល់អ្នកសារព័ត៌មាន ទើបក្រសួងព័ត៌មានបង្កើតនូវគណៈកម្មការនេះឡើង ដើម្បីឲ្យមានការចូលរួមពីសមាសភាពតំណាងសហព័ន្ធ សមាគម ក៏ដូចជាក្លឹបសារព័ត៌មានចូលរួម ពិនិត្យនិងវាយតម្លៃទៅលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈនេះ។ ដូច្នេះតាមរយៈយន្តការនេះយើងមិនអាចចាត់ទុកថា ជាយន្តការដែលបង្កើតឡើងដើម្បីដាក់សំពាធបំភិតបំភ័យ ឬតាមដានអ្នកសារព័ត៌មានដូចជា ការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចនោះឡើយ៕ រក្សាសិទ្ធិដោយ៖ចេស្តារ