ខេត្តបាត់ដំបង ៖ ស្ត្រីចំណាស់ម្នាក់បានបាក់កស្លាប់ភ្លាមៗ ក្រោយពីត្រូវប្តីធាក់ទម្លាក់ពីលើគ្រែ កាលពីម៉ោង៦ និង៤០នាទីយប់ថ្ងៃទី២៨ មីនា ស្ថិតត្រង់ចំណុចក្រុមទី៧ ក្នុងភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
ស្ត្រីដែលស្លាប់ឈ្មោះឆាត ឆោម អាយុ៥២ឆ្នាំ រីឯប្តីជាជនដៃដល់ឈ្មោះម៉ែន ពិសី អាយុ៥៣ឆ្នាំ ទាំង២នាក់រស់ក្នុងភូមិ-ឃុំកើតហេតុ ។ មុនពេលកើតហេតុ បុរសជាប្តីបានផឹកស្រាស្រវឹងយ៉ាងខ្លាំង លុះមកដល់ផ្ទះក៏ឈ្លោះប្រកែកជាមួយ ជាប្រពន្ធរឿងដែលមិនដាំបាយឱ្យខ្លួនហូប ពីព្រោះតែប្រពន្ធខឹងប្តីស្រវឹងខួបរាល់ថ្ងៃ។ ជម្លោះកាន់តែខ្លាំងៗឡើង រហូតដល់ប្តីទ្រាំលែង បានក៏ច្រាន ប្រពន្ធ ហើយទម្លាក់ពីលើគ្រែ។ ក្រោយពេលដែលប្រពន្ធធ្លាក់ដល់ដីហើយ ប្តីមិនអស់ចិត្តនៅសល់កំហឹង បានទាត់ធាក់មួយជើងចំកញ្ចឹងកថែមទៀត បណ្តាលឱ្យ ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយមិនបានរត់គេចខ្លួននោះទេ ក៏ត្រូវសមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួន៕ ដោយ ៖ បញ្ញាស័ក្តិ