Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីប្រពន្ធឈ្លោះប្រកែកគ្នា ឪពុកចូលទៅឃាត់ ត្រូវកូនប្រសាយកកាំបិត ចាក់ស្លាប់

ភ្នំពេញ​ ÷ សមត្ថកិច្ចខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រូវជាកូនប្រសា បន្ទាប់ពីឈ្លោះប្រកែកគ្នាប្តីប្រពន្ធ ហើយឪពុកចូលទៅឃាត់ បានយកកាំបិតចាក់ មកលើឪពុកក្មេកជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០ នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅបុរីមួយកន្លែង ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសជនរងគ្រោះត្រូវជាឪពុកក្មេក មានឈ្មោះប៊ុន សុវណ្ណា អាយុ៦០ ឆ្នាំមុខរបរនៅផ្ទះ ។

ចំណែកកូនប្រសាជាជនដៃដល់ មានឈ្មោះហេង សៅរស្មី អាយុ៣១ ឆ្នាំ មុខរបរជាទាហានជើងទឹក។ ប្រពន្ធឈ្មោះ ប៊ុន សូហ្វែរ ភេទ ស្រី អាយុ ២៨ ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ។

បើតាមសម្ដីពីបុរសម្នាក់ ដែលជាកូនប្រសារបស់ជនរងគ្រោះ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើដោយគាត់ឃើញប្ដីប្រពន្ធ២នាក់នេះ បានឈ្លោះប្រកែកគ្នា តាំងពីយប់មិញម្លេះ ហើយក៏ឈប់ម្តងរួចមកហើយ លុះមកដល់ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ប្ដីប្រពន្ធមួយគូនេះ បានឈ្លោះប្រកែកគ្នាបម្តងទៀត និងវាយប្រតាយប្រតប់គ្នា ខណៈពេលនោះឪពុកបានចូលទៅឃាត់ ស្រាប់តែកូនប្រសាប្រុស បានយកកាំបិតចាក់ទៅលើឪពុកជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់មកបុរសជាប្តី រួមនិងប្រពន្ធ ត្រូវជាកូនបង្កើត ក៏បានប្រញាប់ប្រញាល់ នាំគ្នាដឹកឪពុកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី តែដោយសារស្ថានភាពរបួសជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក ក៏ស្លាប់បាត់បង់ជីវិតទៅ។ បន្ទាប់មក ក្រុមគ្រួសារជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ ឃាត់ខ្លួនជនដៃដល់ត្រូវជាកូនប្រសា ដែលយកកាំបិតចាក់ទៅលើឪពុកក្មេក យកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពុនទី២ ដើម្បីចាត់ការបន្ត បន្ទាប់មកសមត្ថកិច្ចក៏បានរាយការណ៍ ទៅជំនាញកោសល្យវិច័យ ឱ្យចុះមកពិនិត្យទៅលើជុំវិញដងខ្លួនសព ឃើញថាពិតជាស្លាប់ ដោយសារតែចាក់សម្លាប់ពិតមែន រួចក៏បានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត

×