ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំលែងថ្មី Delta គិតត្រឹមថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្រី្ត ២៤៣នាក់) ដែលស្ថានភាពបែបនេះ បានធ្វើឲ្យកម្ពុជា កំពុងព្រួយបារម្ភអំពីការឆ្លងរាលដាលរលកទី៣នៃកូវីដ-១៩។
តួលេខនេះ ក្រសួងបានកត់សម្គាល់ថា គិតចាប់ពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ដល់ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ ដោយរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ Deta នេះ លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍។

បើគិតរយៈពេល៣ថ្ងៃវិញ គឺលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១១ ដល់ ១៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល រកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើអ្នកដំណើរមកពីបរទេស តាមជើងហោះហើរចំនួន ០៤នាក់ (ស្រី១នាក់), ពលករខ្មែរត្រលប់ពីប្រទេសថៃចំនួន ១៧នាក់ (ស្រី៩នាក់) , បុគ្គលិកសុខាភិបាលចំនួន ៤នាក់ (ស្រី៣នាក់), មន្ត្រីរាជការចំនួន ៤នាក់ និងប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន ៣៦នាក់ (ស្រី២១នាក់), សរុបចំនួន ៦៥នាក់។
ការរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta នេះ គឺនៅលើទីតាំង ២២ រាជធានី-ខេត្ត លើកលែងតែ ៣ខេត្តប៉ុណ្ណោះ គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណី Delta នៅឡើយ៕ ពិសិដ្ឋ CEN




