ប្រិយមិត្តជាច្រើនបានស្គាល់ហើយ កញ្ញា អុីវ៉ា ជាតារាចម្រៀងស្រីម្នាក់ ប្រចាំផលិតកម្មសាន់ដេ ដែលមានទឹកដមសំឡេងដ៏ពិរោះរណ្តំចិត្ត ជាពិសេសគឺរាល់បទចម្រៀងបែបកំសត់ និងមនោសញ្ចេតនា របស់នាង គឺសុទ្ធសឹងទទួលបានការគាំទ្រពីសំណាក់មហាជនទូទៅ ទាំងក្នុងស្រុក និងក្រៅស្រុក តែម្តង។ តែទោះយ៉ាងណា មួយរយៈនេះ កញ្ញា អុីវ៉ា ហាក់ពុំសូវឃើញចេញបទចម្រៀងថ្មីៗនោះទេ និងកំពុងលក់ផលិតផលតាមអនឡាញ ជាពិសេសគឺខោអាវ ដែលក៏ទទួលបានការគំាទ្រពីអតិថិជនយ៉ាងច្រើនផងដែរ។
ងាកមកនិយាយដល់ជីវិតឯកជនវិញ កញ្ញា អុីវ៉ា ហាក់ពុំគិតដល់ជីវិតគូដូចតារាស្រីៗដទៃ ដែលអ្នកខ្លះមានវ័យស្របាលៗនាង គេមានគូមានកូនពីរបីអស់ហើយ នៅឡើយតែរូបនាងប៉ុណ្ណោះ រកមិនទាន់ឃើញ។
តែយ៉ាងណាមិញ ប៉ុន្មានថ្ងៃមុននេះ មហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈសុខៗ កញ្ញា អុីវ៉ា ស្រាប់តែត្រូវបានស្រ្តីម្នាក់ខមិនជេបញ្ចោកប់ៗមាត់ និងគំរាមសម្លាប់ទៀតផង ដោយចោទប្រកាន់ថា កញ្ញា អុីវ៉ា ចូលមកទាក់ទងប្តីខ្លួន ហើយថែមទាំងជេរប្រមាថខ្លួនទៀត។ មិនត្រឹមប៉ុណ្ណឹងទេ ស្រ្តីរូបនេះដែលមានគណីហ្វេសប៊ុកឈ្មោះ Ah July បានខលតាមទូរស័ព្ទមកគំរាមផ្តាំដល់កញ្ញា សុខ ពិសី ទៀតផង ឲ្យប្រយ័ត្នខ្លួន កុំឌឺ…។
ដោយសារតែរឿងនេះហើយ បានធ្វើឲ្យ កញ្ញា អ៊ីវ៉ា កាន់តែភិតភ័យរហូតដល់ថ្នាក់ឲ្យមហាជនជួយដឹងឮនិងព្រមទាំងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ព្រោះរូបនាងមិនដឹងរឿងអ្វីសោះ។ តែអ្វីគួរឲ្យភ្ញាក់ផ្អើល និងទើបឃើញលើកទី១នោះ គឺក្រោយរឿងរ៉ាវនេះបានកើតឡើង កញ្ញា អ៊ីវ៉ា ក៏បានទម្លាយអារម្មណ៍ពិតមួយចង់មានអ្នកស្អំបេះដូង ដោយបាននិយាយថា «ចង់មានអ្នកនិយាយពាក្យ អរុណសួស្តី អូនសម្លាញ់»៕ រក្សាសិទ្ធិដោយ៖ លឹមហុង












