Wednesday, April 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតកម្ម​ពោត កំពុង​ប្រឈម​នឹង​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី (Fall Armyworm)

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០២១ បានចេញ​របាយការណ៍​ស្តីពី​វិធានការ​ចម្រុះ​គ្រប់គ្រង​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​លើ​ដំណាំ​ពោត (Fall Armyworm-Spodoptera frugiperda) ៖ ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ Telenomus remus ក្នុង​លក្ខខណ្ឌ​ប្រទេស​កម្ពុជា​។

​ឯកឧត្តម វេ​ង សាខុន បាន​មានប្រសាសន៍ថា ពោត​ជា​ដំណាំ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​មួយចំនួនទៀត ដែល​កសិករ​និយម​ដាំ​នៅតាម​ដីសណ្ត​ទន្លេមេគង្គ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ផលិត កម្ម​ចំណី​សត្វ អាហារ​របស់​មនុស្ស និង​ជា​ផលិតផល​សម្រាប់​ធ្វើការ​នាំចេញ​។ ជាក់ស្តែង​នៅ​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​គ្រាប់​ពោតក្រហម​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ១៩៤ ៦២៥​តោន​។ ស្របពេល​ជាមួយនឹង​កំណើន​ផលិតកម្ម និង​សេចក្តីត្រូវការ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ផលិតកម្ម​ពោត​បាននិងកំពុង​ប្រឈម​នឹង​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី (Fall Armyworm) ដែលជា​សត្វល្អិត​មួយ​ប្រភេទ​បំផ្លាញ​ផលដំណាំ​ធញ្ញជាតិ​ច្រើន​ប្រភេទ​ដូចជា​ស្រូវ​នៅ​ទូទាំង​ពិភពលោក ជាពិសេស​ដំណាំ​ពោត​ដែលជា​ដំណាំ​ជម្រក​របស់​សមាសភាព​ចង្រៃ​នេះ​។​

ប្រទេស​ជាច្រើន​នៅក្នុង​ទ្វីប​អា​ហ្វ្រិ​ច និង​អាស៊ី​បាននិងកំពុង​ទទួលរ​ង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ដង្កូវ​ប្រភេទ​នេះ​។ ដោយឡែក​នៅ​កម្ពុជា ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ​មាន​វត្តមាន​ក្នុង​ឆ្នាំ​២០១៩ ដែល​ក្នុងដំណាក់កាល​ដំបូង​នៃ​ឆ្លង​រាតត្បាត​ដង្កូវ​ហ្វូង​បាន​បំផ្លាញ​ដំណាំ​ពោត​សរុប​ទូទាំងប្រទេស​ចំនួន ១១ ១៤២​ហ​ត តាម​បណ្តា​ខេត្ត​មាន​ជាអាទិ៍ ៖ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ត្បួ​ង​ឃ្មុំ​។ បច្ចុប្បន្ននេះ ដង្កូវ​ហ្វូ​វ​នេះ​បាន​ឆ្លង​រាតត្បាត​នៅ​ស្ទើរ​គ្រប់​តំបន់​ផលិតកម្ម​ដំណាំ​ពោត​ទូទាំងប្រទេស​កម្ពុជា នេះ​បើតាម​ការអះអាង​ពី​អគ្គនាយកដ្ឋាន​កសិកម្ម (​ថ្ងៃទី​១៣ ខែសីហា​នេះ​)​។

​ឆ្លើយតប​ទៅនឹង​បញ្ហា​ថ្មី​មួយ​នេះ នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ នៃ​អគ្គនាយ- កដ្ឋាន​កសិកម្ម បាន​ចូលរួម​សហការ​យ៉ាងសកម្ម និង​បន្ទាន់​ជាមួយ​ថ្នាក់ជាតិ ថ្នាក់​អន្តរជាតិ និង​ថ្នាក់​តំបន់​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ដើមចម​នៃ​បញ្ហា​ជា​លក្ខណ​វិទ្យាសាស្ត្រ ដើម្បី​ដាក់ចេញ​នូវ​វិធានការ​គ្រប់គ្រង និង​កំចាត់​ដង្កូវ​ហ្វូង​ថ្មី​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។ ក្នុង​ថ្នាក់​តំបន់ នាយកដ្ឋាន​បាន​ចូលរួម​សហការ​ជាមួយ​អ្នកជំនាញ​ការដែល​អញ្ជើញ​មក ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ធ្វើការ​រៀបចំ និង​ដាក់ចេញ​នូវ​យន្តការ​គ្រប់គ្រង​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ​ក្នុង​កម្រិត​អាស៊ាន “ASEAN Action Plan on Fall Armyworm Control”​។ មិន​តែ ប៉ុណ្ណោះ អ្នកជំនាញ​ការពារ​ដំណាំ​បាន​សហការ​ជាមួយ​អ្នកជំនាញការ​អន្តរ ជាតិ​នៃ​វិទ្យាស្ថាន​ស្រាវ ជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ (IRRI) ធ្វើការ​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​គ្រប់គ្រង​តាមបែប​ជីវ សាស្ត្រ​គឺ​ការ ប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ ឬ​សត្រូវ​ធម្មជាតិ ដើម្បី​គ្រប់គ្រង​ប្រជាករ​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ​។​

​ការប្រើប្រាស់​ភ្នាក់ងារ​ជីវសាស្ត្រ​ដូចជា Telenomus remus (T-remus) ហើយ​អ្វី​ទៅជា T- remus? ។ T-remus គឺជា​ភ្នាក់ងារ​ជីវសាស្ត្រ​ដែល​ធ្វើ​ប៉ារ៉ាស៊ីត​លើ​ពង​ដង្កូវ​ហ្វូង​ទូទៅ (Spodoptera sp.) ហើយ​គេ​ប្រើ T-remus មាន​គោលបំណង​ធ្វើការ​គ្រប់គ្រង​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​នេះ លើកកម្ពស់​វិធានការ​ចម្រុះ​គ្រប់គ្រង​ដំណាំ (Integrated Pest Management-IPM) ធានា​ផលិតកម្ម​កសិកម្ម​ស្របតាម​ស្តង់ដារ​គុណភាព សុវត្ថិភាព​ចំណីអាហារ និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់ធ្វើ​ការនាំ​ចេញ និង​ធ្វើឱ្យ​ប្រសើរ​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​។​

​នៅ​ទ្វីបអាហ្វ្រិក​គេ​បាន​ប្រើ T-remus នេះ​សម្រាប់​កម្មវិធី​ការ​កម្ចាត់​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​តាមបែប​ជីវសាស្ត្រ​ដោយ​ទទួលបាន​លទ្ធផល​ជោគជ័យ​។ នៅ​កម្ពុជា ការប្រើ​ប៉ារ៉ាស៊ីត T-remus បានបង្ហាញ​ឲ្យ​ឃើញថា T-remus គឺមាន​វត្តមាន​ក្នុងប្រទេស​កម្ពុជា ជាពិសេស​វា​ត្រូវបាន​រកឃើញ​នៅលើ​ពង​របស់​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​ក្នុង​ចម្ការពោត​របស់​កសិក​រ​។ ការចាប់ផ្ដើម​ចិញ្ចឹម​ដំបូង​ត្រូវ​ប្រមូល​ប៉ា​រា​ស៊ីត​T-remus ពី​ចម្ការពោត ហើយ​ការប្រមូល​ប៉ា​រា​ស៊ីត​នេះ​គឺ​ប្រមូល​តាមរយៈ​ពង​របស់​ដង្កូវ​ហ្វូង​ប្រភេទ​ថ្មី​។ ក្រោយពី​ទទួលបាន T-remus គឺ​ត្រូវ​ចិញ្ចឹម​បន្ត​ក្នុង​បន្ទប់ពិសោធន៍ ដើម្បី​បង្កើន​ចំនួន​ប្រជាករ​របស់​វា​សម្រាប់ធ្វើ​ការលែង​ទៅក្នុង​ចម្ការ ពោត​។ ចំពោះ​សកម្មភាព​លែង​ប៉ារ៉ាស៊ីត​នេះ នាយកដ្ឋាន​បានធ្វើការ​អនុវត្ត​សាកល្បង​ក្នុង​លក្ខខណ្ឌ​ពិសោធន៍​ក្នុង​ចម្ការពោត​នៅ​ខេត្តកណ្តាល ដែល​ក្នុង​ដំណាំ​ពោត​ទំហំ ០១​ហ​ត ត្រូវ​លែង​ចំនួន T-remus ចន្លោះ​ពី ១០-១៥ ម៉ឺន​ក្បាល​។ ចំពោះ​លទ្ធផល​នៃ​ការស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​នៃ​ភ្នាក់ងារ​ជីវសាស្ត្រ​នេះ​នឹងធ្វើ​ការវិភាគ​ក្នុង​ខែតុលា​ខាងមុខនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​