ខេត្តសៀមរាប ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង មកធ្វើជាសម្បត្តិរបស់រដ្ឋទាំងអស់ បន្ទាប់ពីទីស្ដីការគណ:រដ្ឋមន្ត្រី ចុះហត្ថលេខាលើលិខិតសម្រេចកាលថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ដែលខ្លឹមសារក្នុងសេចក្តីសម្រេចនោះ ចែងថា ត្រូវបានដកហូតទីតាំងវិនិយោគទាំងស្រុង របស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន។ នេះបើតាមការផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តសៀមរាប។

ក្នុងលិខិតដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការប្រចាំការទីស្ដីការគណ:រដ្ឋមន្ត្រី ឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី បានបញ្ជាក់ថា រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ ដោយ គណ: រដ្ឋ មន្ត្រីបានបង្កើតគណ:កម្មការអន្ដរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងទីស្ដីការគណ:រដ្ឋមន្ត្រី, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយសំណងទូទាត់របស់គម្រោងខាងលើនេះផងដែរ។

ជុំវិញករណីខាងលើនេះ លោក លី សំរិទ្ធិ អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអភិបាលរងខេត្តរៀមរាប បានបញ្ជាក់កាលពីថ្ងៃទី១១ ខែសីហានេះថា ចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការដក់ហូតកំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ស៊ូ ជីង ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងជាបណ្ដោះអាសន្នសិននោះ ខាងរដ្ឋបាលខេត្តបានទទួលហើយ ដោយនៅរង់ចាំតែការអនុវត្តប៉ុណ្ណោះ ប៉ុន្តែមិនទាន់កំណត់បានពីការអនុវត្តនៅពេលណា ឬថ្ងៃណានោះបានឡើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ








