Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង : ក្នុង​ខែកក្កដា​ សមត្ថកិច្ច​ចាប់យក​គ្រឿងញៀន​ជាង ២១៩​គីឡូក្រាម

ភ្នំពេញ : សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បង្ហាញ​អំពី​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ក្នុង​ខែកក្កដា ឆ្នាំ​២០២១ សមត្ថកិច្ច​ចាប់យក​គ្រឿងញៀន​ជាង ២១៩​គីឡូក្រាម និង​បង្ក្រាបបាន​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន ៣២៩​ករណី គឺមាន​ការថយចុះ ៤៨​ករណី បើ​ធ្វើការ​ប្រៀបធៀប​នឹង​ខែមិថុនា​។ បទល្មើស​បង្ក្រាប​រួមមានៈ ករណី​ជួញដូរ រក្សាទុក ២៤២​ករណី​, ករណី​ប្រើប្រាស់ ៨៤​ករណី​, ករណី​សំយោគ កែច្នៃ ១​ករណី និង​ករណី​ដាំ​ដុះ ២​ករណី​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១​។​

សម្តេច​ក្រឡាហោម​បាន​បន្តថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ មាន​ជនសង្ស័យ​សរុប​ចំនួន ៨៤៩​នាក់ ត្រូវបាន​ឃាត់ខ្លួន កើន​៤៧​នាក់ ស្មើនឹង ៥,២​ភាគរយ ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០២១​។ ជនសង្ស័យ​ទាំងនោះ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​រក្សាទុក ៥១០​នាក់​, ករណី​ប្រើប្រាស់​គ្រឿងញៀន ៣៣១​នាក់​, ករណី​សំយោគ និង​កែច្នៃ ៥​នាក់ និង​ករណី​ដាំ​ដុះ​៣​នាក់​។ ជនសង្ស័យ​ទាំងនោះ មាន​ខ្មែរ ៧៧៦​នាក់ និជ​នប​រទេស ៧៣​នាក់​។

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ខែកក្កដា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បាន​ចាប់យក​គ្រឿងញៀន​សរុប​ចំនួន ២១៩​គីឡូក្រាម និង​៤៦០.៧១​ក្រាម​។ ថ្វី​ដ្បិតថា​ការបង្ក្រាប​បទល្មើស​មាន​ការថយចុះ​ធៀប​នឹង​ខែមិថុនា ប៉ុន្តែ​ចំនួន​គ្រឿងញៀន​ដែល​សមត្ថកិច្ច​បង្ក្រាបបាន មានការ​កើនឡើង​ដល់​ទៅ ៧៣​គីឡូក្រាម ដែល​ស្មើនឹង​ប្រមាណ​ជាង​៥០​ភាគរយ​ធៀប​នឹង​ខែ​មុន​។ គ្រឿងញៀន​ទាំងនោះ រួមមានៈ មេ​តំ​ហ្វេ​តា​មីន​ក្រាម​ម្សៅ (ICE)​ជាង​៥៥​គីឡូក្រាម​, មេ​តំ​ហ្វេ​តា​មីន​គ្រាប់ (WY)​ចំនួន​១១៣.៣០​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី (MDMA)១០២​គីឡូក្រាម​៣៧៩.៩០​ក្រាម​, កេ​តា​មីន ២១​គីឡូក្រាម ២៣៧.៤០​ក្រាម​, ហេ​រ៉ូ​អ៊ី​ន ៥.១៦​ក្រាម​, កា​ទី​ណូន ៣៩​គីឡូក្រាម ៨៥៤​ក្រាម ព្រមទាំង​សារធាតុ​គីមី​ផ្សំ ១១២១​គីឡូក្រាម​, កញ្ឆា​ស្រស់​១៥៦៥​ដើម និង​កញ្ឆា​ស្ងួត ៣៦​គីឡូក្រាម ២២៧​ក្រាម​។

សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា ក្នុងនាម​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងនាម​ក្រសួងមហាផ្ទៃ និង​ខ្លួន​សម្តេច​ផ្ទាល់ សូម​ផ្ញើ​នូវ​សេចក្ដី​កោតសរសើរ និង​ការលើកទឹកចិត្ត​ខ្ពស់ ជូន​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ស៊ីវិល នគរបាល និង​កងរាជអាវុធហត្ថ ដែល​បានរួម​សហការគ្នា​យ៉ាង​ល្អ ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដើម្បី​រួមចំណែក​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជូន​ជាតិ និង​ប្រជាជន​។

ជាថ្មី​ម្ដងទៀត សូម​ផ្ញើ​សារ​ជូន​ជនរួមជាតិ គ្រប់​មជ្ឈដ្ឋាន​សង្គម និង​កម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ សូម​ចូលរួម​គាំទ្រ និង​អនុវត្ត​ពាក្យស្លោក​ជាតិ ៣​ការពារ ១​រាយការណ៍ គឺ​៖ កុំ​ពាក់ព័ន្ធ ៖ កុំ​ជួញដូរ កុំ​ចែកចាយ កុំ​ធ្វើ​ខ្នងបង្អែក កុំ​ឃុបឃិត និង​កុំ​ប្រើប្រាស់​គ្រឿងញៀន ។ កុំ​អន្តរាគមន៍ ៖ កុំ​រារាំង​ការ​រ​អនុវត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន ទោះបីជា​ក្រុមគ្រួសារ សាច់ញាតិ ឫ មិត្ត​ភ​ក្កិ​ក៏ដោយ ។ កុំ​លើកលែង ៖ កុំ​បន្ធូរបន្ថយ​ការ​អនុត្ត​ច្បាប់​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន​។ សមត្ថកិច្ច​ពាកព័ន្ធ​ទាំងអស់​ត្រូវអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់ និង​ស្មោះត្រង់​វិជ្ជាជីវៈ​របស់ខ្លួន ហើយ​ជន​គ្រប់រូប​ត្រូវគោរព និង​អនុវត្ត​ច្បាប់ ។ មួយ​រាយការណ៍ ៖ ត្រូវ​រាយការណ៍ ផ្តល់ព័ត៌មាន ដល់​សមត្ថកិច្ច​អំពី​មុខសញ្ញា​ជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំង​កែច្នៃ​ផលិត​និង​ទីតាំង​ស្តុក​ទុក​គ្រឿងញៀន​ខុសច្បាប់​ដល់​សមត្ថកិច្ច …​ដើម្បី​យើង​អាច​បន្ត​រួម​កម្លាំង​សាមគ្គី​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែលជា​សត្រូវ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ធនធានមនុស្ស ជាពិសេស​ធនធាន​យុវជន ដែលជា​សសរទ្រូង​ប្រទេសជាតិ​៕ រក្សា​សិទ្ធិ​ដោយ​៖​ចេស្តារ​

×