Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ក្រុងព្រះសីហនុ រិះគន់​ថ្នាក់ដឹកនាំ​អគ្គិសនី និង​រដ្ឋាករទឹក​ខេត្ត​ថា​ខ្វះ​ការទទួលខុសត្រូវ​

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​ក្នុង​ក្រុង ព្រះសីហនុ​ភាគច្រើន បាន​រអ៊ូរទាំ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី និង​ប្រព័ន្ធ​ទឹក​ស្ទើរ​ជា​រៀងរាល់​យប់​ថ្ងៃ ដែល​នាំ​ឲ្យ​ពួកគេ​ជួប​ផលវិបាក​ទាំង​ការរស់នៅ និង​ប្រកប​របរ​ចិញ្ចឹមជីវិត​។

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ លោក ហេង ពិសិដ្ឋ ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​រដ្ឋាករទឹក​ខេត្ត​នេះ ជាពិសេស លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ឲ្យជួយ​អន្តរាគមន៍ ធ្វើយ៉ាងណា​ឲ្យ​ទីក្រុង​ទេសចរណ៍​មួយ​នេះ មាន​ទឹក​ភ្លើង ដើម្បី​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ប្រើប្រាស់​ឲ្យបាន​គ្រប់គ្រាន់​ឡើងវិញ​។

ប្រជាពលរដ្ឋ​មួយចំនួន​រស់​ក្រុងព្រះសីហនុ បាន​រអ៊ូរទាំ​ថា ក្រៅពី​ចរន្តអគ្គិសនី​បាន​ដាច់​ស្ទើរ​ជា​រៀងរាល់​យប់​ថ្ងៃ ក្រុង​ទេសចរណ៍​មួយ​នេះ ក៏​មិន​មាន​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ឲ្យបាន​គ្រប់​ចំនួន​នោះ​ដែរ​។ ពោល​គឺ ប្រព័ន្ធ​ចែកចាយ​ទឹក បាន​កាត់ផ្តាច់ បើក​ទឹក​មិន​ចេញ ឬ​មាន​ទឹក​ប្រើ​ដែរ ប៉ុន្តែ​ក្នុង​មួយ​ថ្ងៃ​មាន​ទឹក​ប្រើប្រាស់​ចន្លោះ​ពី ២ ទៅ ៣​ម៉ោង ឬ​បើកទឹក​ចេញ​នៅ​ពេលយប់​ជ្រៅ​ជាដើម​។​
​បញ្ហា​នេះ ប្រជាពលរដ្ឋ មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ ដែល​ជា​ក្រុង​ទេសចរណ៍​ទើប​ឈ្នះ​ជ័យលាភី​ទីក្រុង​ស្អាត​ទទួលបាន “​ផ្ការំដួល​បី​ទង​” ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មីៗ​នេះ ប៉ុន្តែ​បែរជា​ក្នុង​ក្រុង​ស្ទើរ​ទាំងមូល មិន​មាន​ទឹក​ភ្លើង ឬ​ដាច់​ប្រព័ន្ធ​ទឹក និង​ចរន្តអគ្គិសនី​ស្ទើរ​រាល់ថ្ងៃ​បែបនេះ​ទៅ​វិញ​ទេ​។

ក្រុម​ប្រជាពលរដ្ឋ ឲ្យដឹងទៀតថា នៅ​គ្រា​ខេត្ត​ព្រះសីហនុ មាន​រោងចក្រ​អគ្គីសនី​ដ៏​ធំ​មួយ​កន្លែង មាន​ទីតាំង​នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹង​ហាវ និង​មាន​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ​ទៀត នៅ​តំបន់​ក្បាល​ឆាយ ដែល​ពលរដ្ឋ​រស់នៅ​មូលដ្ឋាន​នេះ រំពឹងថា មាន​ទឹក​ភ្លើង សម្រាប់​ផ្តល់ជូន​ប្រជាពលរដ្ឋ រស់​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ បាន​គ្រប់គ្រាន់​តាម​តម្រូវការ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ក្រុង​ទេសចរណ៍​ជាប់​បាត់​សមុទ្រ​មួយ​នេះ បែរ​ជា​ខ្វះ​ទឹក​ភ្លើង សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ប្រើប្រាស់​ទៅវិញ​។

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​មួយចំនួន រស់​នៅក្នុង​ក្រុងព្រះសីហនុ បង្ហាញ​ចម្ងល់​ថា ហេតុអ្វី​បានជា​ការផ្គត់ផ្គង់​ទឹក​ភ្លើង​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ បែរជា​មិន​បាន​គ្រប់គ្រាន់ តាម​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ ឬ​មួយ​មាន​អ្វី​នៅ​ពីក្រោយ​ការផ្តាច់​ប្រព័ន្ធ​ទឹក​ភ្លើង នា​ទីប្រជុំជន​ក្នុង​ព្រះសីហនុ​នាពេល​បច្ចុប្បន្ន​នេះ​។​

​ងាក​មក ស្ថាប័ន​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ ប្រជាពលរដ្ឋ​មួយចំនួន រស់​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ ក៏​រិះគន់​ថ្នាក់ ដឹកនាំ​ស្ថាប័ន​នេះ ចំពោះ​ការ​ដាច់​ប្រព័ន្ធ​ទឹក ឬ​គ្មាន​ទឹក​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ ឲ្យបាន​គ្រប់​ចំនួន នៅតាម​តំបន់​ខ្លះ​ក្នុង​ប៉ុន្មាន​ខែ​ចុង ក្រោយ​នេះ​។ ប្រជាពលរដ្ឋ​អះអាងថា ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នាទី​ក្រុងព្រះសីហនុ​ពេលបច្ចុប្បន្ន គឺ​បាន​ដាច់​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ហើយ​ពួកគេ​គ្មាន​ទឹក​សម្រាប់​ងូត និង​បោក​គត់​សម្លៀកបំពាក់​ជា​ប្រចាំ​ថ្ងៃ​ឲ្យបាន​គ្រប់​ចំនួន​ដូច​ពេល​មុន​ទៀត​ទេ​។

យ៉ាងណា​ក៏ដោយ​ចុះ អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ទាក់ទង លោក ហេង ពិសិដ្ឋ ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​នេះ ដើម្បី​បំភ្លឺ​បន្ថែម ជុំវិញ​មូលហេតុ​នាំ​ឲ្យ​មូលដ្ឋាន​នេះ ដាច់​ចរន្តអគ្គិសនី និង​ប្រព័ន្ធ​ទឹក​ស្ទើរ​រាល់​យប់​ថ្ងៃ មិន​អាច​ផ្តល់ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​គ្រប់​ចំនួន​តាមតម្រូវ​ការ​បានទេ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨​។ ប៉ុន្តែ​យោងតាម​សេចក្តីជូនដំណឹង មាន​ចុះហត្ថលេខា និង​បោះត្រា​ដោយ លោក ហេង ពិសិដ្ឋ ប្រធាន​អគ្គីសនី​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តីជូនដំណឹង​ជា​បន្តបន្ទាប់ អំពី​មូលហេតុ​នៃ​ការផ្តាច់​ចរន្ត​អគ្គិសនី ឬ​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​នេះ​ជា​បណ្តោះអាសន្ន​នៅ​តាម​តំបន់ ឬ​ទីតាំង​មួយចំនួន​នៅក្នុង​ទី​ប្រជុំជន​ក្រុង​ព្រះសីហនុ និង​តាម​ស្រុក​មួយចំនួន​ទៀត។​

សេចក្តីជូនដំណឹង​នេះ របស់​អគ្គិសនី​ខេត្ត​ព្រះសីហនុ ជុំវិញ​ការផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅតាម​តំបន់​មួយចំនួន​ខាងលើនេះ គឺ​បាន​បង្ហោះ នៅលើ​គេហទំព័រ ឬ​ផេក (PAGE) របស់​អគ្គិសនី​ខេត្ត​ព្រះសីហនុ​។ បន្ថែម​លើ​នេះ លោក ហេង ពិសិដ្ឋ ក៏​បាន​ស្នើ​ការយោគ យល់​ពី​សំណាក់​មន្ត្រីរាជការ វិស័យេ​កជ​ន និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ចំពោះ​ការ​កាត់ផ្តាច់​ចរន្តអគ្គិសនី​នៅតាម​តំបន់​មួយចំនួន ដើម្បីឲ្យ​អ្នកបច្ចេកទេស​តម្លើង ឬ​ជួសជុល​ប្រព័ន្ធ​ភ្លើង ឬ​ចរន្តអគ្គិសនី​ខេត្ត​នេះ​ឲ្យបាន​ល្អ និង​ឈាន​ទៅ​អាច​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ជូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យបាន​ប្រសើរ​នា​ថ្ងៃ​ខាង​មុខ​៕ ដែន សីមា​

    

×