ភ្នំពេញ៖ មន្ត្រីទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្ដរាគមន៍ជួយពលករខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការងារ លើទូកនេសាទ នៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់ ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញហើយ។
ពលកររូបនេះ ត្រឡប់ទៅកម្ពុជាវិញ តាមរយៈកម្មវិធី Repatriation Recalibration Plan ទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ158 ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទីល្ងាច។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក គុយ កួង បានឱ្យដឹងថា ពលករខ្មែរដែលរងគ្រោះព្រោះការចាញ់បោកមេខ្យល់នេះ មានឈ្មោះ ប៉ិ ពឿន អាយុ ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។ បុរសរូបនេះ បានទៅធ្វើការនៅលើទូកនេសាទដោយខុសច្បាប់នៅតំបន់ Panchor រដ្ឋ Perak តាមរយៈមេខ្យល់កាលពីដើមឆ្នាំ២០២០។

ដោយខ្លាចពលករបរទេសផ្សេងទៀត ដែលធ្វើការលើទូកនេសាទជាមួយគ្នា មានបំណងធ្វើបាប ប៉ិ ពឿន បានសម្រេចចិត្តលោតពីលើទូក ដោយបណ្តែតខ្លួនជាមួយពោងរយៈពេល ៤ថ្ងៃ ទើបត្រូវប៉ូលិសជើងទឹកប្រចាំតំបន់ Lumut រដ្ឋ Perak ជួយសង្រ្គោះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។
លោក គុយ កួង បានឱ្យដឹងទៀតថា ស្ថានទូតកម្ពុជា បានសហការជាមួយមន្រ្តីប៉ូលីសជើងទឹកប្រចាំតំបន់ បានឲ្យភ្នាក់ងារស្ម័គ្រចិត្ត នៅរដ្ឋ Perak ទៅទទួលពលកររងគ្រោះ ពីការិយាល័យប៉ូលិសជើងទឹក និងផ្តល់ការហូបចុក កន្លែងស្នាក់នៅជាបណ្តោះអាសន្ន នៅរដ្ឋ Penang។ ពលកររូបនេះ មិនមានព័ត៌មានអ្វីទាំងអស់ ពាក់ព័ន្ធនឹងថៅកែទូក ហើយស្នើសុំស្ថានទូត ជួយអន្តរាគមន៍ ឱ្យបានត្រឡប់មកកម្ពុជាវិញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ