ភ្នំពេញ ÷ រន្ធត់ណាស់ និស្សិតរៀនឆ្នាំទី៤ ផ្នែកសំណង់សុីវិលម្នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្តបើកទៅបុក បណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកឯរថយន្តបង្កវិញ បន្តបើកទៅមុខរត់គេច តែត្រូវសមត្ថកិច្ចខណ្ឌព្រែកព្នៅឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវលាម៉ោង៨ និង៤០នាទីយប់ថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ ស្ថតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចទល់មុខសាលាបឋមសិក្សាអូរដឹម ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ម៉ន ផានុត អាយុ២៤ ឆ្នាំ មុខរបរជានិស្សិត ឆ្នាំទី៤ ផ្នែកសំណង់សុីវិល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល នៅជិតសាលាកូរ៉េ ក្នុងខណ្ឌព្រែកព្នៅ មានស្រុកកំណើតក្នុងភូមិស្រែគុយ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ1BC -5007 ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ទល់មុខសាលាបឋមសិក្សាអូរដឹម ស្រាប់តែត្រូវរថយន្តហាយឡែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AG-6122 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនលឿន បានជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូដួលបោកក្បាល នៅនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកឯរថយន្តបង្ក បន្តបើករត់ទៅមុខ ដល់ខណ្ឌព្រែកព្នៅ រួចក៏ប្លុងរថយន្តចោល ម្ចាស់រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សា មេត






