កិច្ចព្រមព្រៀងអំពីជំនួបកំពូលអន្តរកូរ៉េបានសម្រេចតែប៉ុន្មានថ្ងៃក្រោយពីលោក Kim Jong Un បានទៅបំពេញទស្សនកិច្ចមួយនាំឱ្យគេភ្ញាក់ផ្អើលក្នុងប្រទេសចិនដែលជាដំណើរទស្សនកិច្ចអន្តរជាតិលើកទីមួយរបស់លោកចាប់តាំងពីបាន កាន់អំណាចកាលពីឆ្នាំ២០១១ ក្រោយមរណៈភាពរបស់ឳពុកលោកគឺលោក Kim Jong Il។
កិច្ចព្រមព្រៀងស្តីពីកាលបរិច្ឆេទ និងទីកន្លែង នៃជំនួបកំពូលរវាងមេដឹកនាំកូរ៉េទាំងពីរលោកគីម ជុងអ៊ុន និងលោកមូន ចៃអ៊ីន បានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ មីនា។ កិច្ចព្រមព្រៀងនេះជាលទ្ធផលបានមកពីការជួបចរចាគ្នារវាងគណៈប្រតិភូខាងជើង និងខាងត្បូងដែលមានសមាជិកម្ខាងៗចំនួន៣នាក់ នៅក្នុងអាគារនៃការរួបរួមក្នុងស្រុក Panmunjom ស្ថិតប៉ែកទឹកដីកូរ៉េខាងជើង។ តាមកិច្ចព្រមព្រៀង ជំនួបកំពូលរវាងមេដឹកនាំកូរ៉េទាំងពីរនឹងធ្វើនៅថ្ងៃទី២៧ មេសា នៅក្នុងផ្ទះសន្តិភាពកូរ៉េខាងត្បូង ស្ថិតក្នុងស្រុក Panmunjom។
ពួកប្រេសីតកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនឹងជួបគ្នាទៀត នៅថ្ងៃពុធទី៤ ខែមេសា ដើម្បីរៀបចំជាចុងក្រោយបង្អស់អំពីសេចក្តីល្អិតល្អន់នៃជំនួបកំពូលរវាងលោក Kim និងលោក Moon៕ សូយន