ភ្នំពេញ៖ បវកញ្ញាជប៉ុន បានកំពុងជួយផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជា ក្នុងទីផ្សារប្រទេសជប៉ុន។ បវកញ្ញាជប៉ុនឈ្មោះថា កញ្ញា រូរី សាជី បានឈ្នះពានរង្វាន់លើផ្នែកសម្លៀកបំពាក់ជាតិល្អបំផុត នៅក្នុងកម្មវិធីប្រកួត Miss Grand International ឆ្នាំ ២០២០ ដែលរៀបចំឡើងនៅប្រទេសថៃ។
ឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ បវកញ្ញាជប៉ុន កំពុងជួយផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដល់ប្រជាជនជប៉ុន នៅក្នុងទីផ្សារជប៉ុន។ ឯកឧត្តម សង្ឃឹមថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងកាន់តែមានប្រជាប្រិយភាព នៅលើទីផ្សារជប៉ុន បន្ទាប់ពីបវកញ្ញាជប៉ុន Miss Grand Japan 2020 បានការជួយផ្សព្វផ្សាយ។
គ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបានសាកល្បងដោយជនជាតិជប៉ុន ហើយបានបង្ហាញថា គ្រាប់ស្វាយចន្ទីកម្ពុជា មានរសជាតិឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីមកពីប្រទេសនានា ដូចជា វៀតណាម ឥណ្ឌា និងអាហ្រ្វិក ប៉ុន្តែជាទូទៅគុណភាព អនាម័យ ការផលិត ការប្រើប្រាស់បច្ចេកវិទ្យា ការដាំដុះ និងការកែច្នៃផលិតផលស្វាយចន្ទី គឺនៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យពិបាកក្នុងការស្វែងរកទីផ្សារនៅជប៉ុន។
ប្រទេសជប៉ុនបាន ផ្តល់ជំនួយឥតសំណងខ្នាតតូចរបស់រដ្ឋាភិបាលជប៉ុន តម្លៃ ១៦៩,៧២០ ដុល្លារ ដើម្បីជួយ ពង្រឹងសង្វាក់ និងតម្លៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ ដោយលទ្ធផល គ្រាប់ស្វាយចន្ទីកែច្នៃចំនួន៧,៦តោន ដែលជាផលិតផលសម្រេចរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលមានទីតាំងនៅខេត្តកំពង់ធំ ត្រូវបានដឹកជញ្ជូនដោយផ្ទាល់ទៅកាន់ប្រទេសជប៉ុនកាលពីខែមិថុនា។
ក្នុងឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាធ្វើការដាំដុះស្វាយចន្ទី គ្របដណ្តប់លើផ្ទៃដី ២៥៨.៩៨៤ ហិកតា នៅក្នុងនោះ ផ្ទៃដីប្រមូលផលមានប្រមាណ១៦២.២៩៤ ហិកតា ជាមួយនឹងទិន្នផលជាមធ្យម ១.៤៩ តោនក្នុងមួយហិកតា។
សូមជំរាបថា ចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ៨៤៣ ២៤៣តោន ទៅកាន់ទីផ្សារក្រៅប្រទេស ដោយភាគច្រើន ទៅប្រទេសវៀតណាម ថៃ និងចិន បន្ទាប់មកទៅកាន់ប្រទេសជប៉ុន កូរ៉េ ឥណ្ឌា អារ៉ាប់រួម និងឡាវជាដើម៕