ភ្នំពេញ ÷ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូឆ្លងស្តុប ត្រូវរថយន្តដឹកអេតចាយមួយគ្រឿង បើកបុកកិនពីក្រោយ កាលពីវេលាមម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្តុបផ្លូវ៥០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿងម៉ាក ហុដា សេ១២៥ ពណ៌ខ្មៅពាក់ ផ្លាកលេខ កំពង់ធំ1C-5303 ធ្វើដំណើរពីទិសដៅពីកើតទៅលិច លុះដល់ចំណុចផ្លូវបំបែកជាបួន ក៏បានឆ្លងស្តុបស្រាប់តែរថយន្តដឹកអេតចាយមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខកំពង់ចាម 3A-3654 បើកបរស្របទិសដៅគ្នា បោះពួយយ៉ាងលឿន បុកកិនជនរងគ្រោះពីក្រោយ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ ចំណែកអ្នកបើកបរព្យាយាម បើករថយន្តរត់គេចខ្លួន ដោយបានអូសកិនម៉ូតូជនរងគ្រោះ ប្រហែលជាង៥០ម៉ែត្រ ធ្វើឲ្យរថយន្តទៅមុខលែងរួច អ្នកបើកបរនិងប្រពន្ធ បានបើកទ្វាររថយន្តរួចចុះរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព ដោយបន្សល់ទុករថយន្តនិងម៉ូតូ រួមនឹងជនរងគ្រោះ នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយពេលកើហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី១ និងកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងយករថយន្តរួមទាំងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម


