នេះជារឿងរ៉ាវមួយ ដែលបានឃើញហើយពិតជារំជួលចិត្ត និងអាណិតឥតឧបមា គ្រាដែលបុរសស្មោះស្នេហ៍ម្នាក់ បានសុំគ្រូពេទ្យចេញពីមន្ទីរពេទ្យយ៉ាងកត់ក្រហល់ទាំងខ្លួនឯងរបួសធ្ងន់ដេកស្តូកស្តឹងយ៉ាងណា ដើម្បីបានមកមើលមុខមិត្តស្រីជាលើកចុងក្រោយ មុនពេលនាងត្រូវលាគ្រប់គ្នាជារៀងរហូតគ្មានថ្ងៃវិលត្រឡប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយនេះ។
មន្រ្តីប៉ូលីសស្រុក ថាមឿង ខេត្ត កានចាណាបុរី ប្រទេសថៃ បានទទួលដំណឹងអំពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក Toyota Corolla sedan និងម៉ូតូហុងដាវ៉េវ ដែលបានបុកគ្នាឡើងខ្ទេច ស្ថិតនៅផ្លូវកែងទល់មុខខ្លោងទ្វារវត្ត ស៊ី ឡូហារ៉ាត បាមរុង ស្ថិតក្នុងស្រុក ថាមឿង។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ប៉ូលីសបានរកឃើញជនរងគ្រោះរងរបួសធ្ងន់ចំនួន៣នាក់ ក្នុងនោះមានទី១- ស្រ្តីឈ្មោះ Panphak Phumphadee អាយុ ២១ ឆ្នាំ (របួសធ្ងន់បំផុត) ទី២- បុរសឈ្មោះ Phankan Wongchaipheng អាយុ ២១ ឆ្នាំ និងទី៣ក្មេងស្រីឈ្មោះ Natthira Phumphadee អាយុ ៣ ឆ្នាំ ដែលជាស្រីរបស់នាង Panphak។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្យល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។
ដោយឡែក ជនរងគ្រោះទាំងបីនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Supreme Patriarch ប៉ុន្តែ ជាអកុសល នាង Panphak បានស្លាប់នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក។
ប៉ុន្តែ អ្វីដែលធ្វើឲ្យគេរំជួលចិត្តស្រក់ទឹកភ្នែកនោះ គឺ Phankan ដែលជាមិត្តប្រុស បានទទូចសុំគ្រូពេទ្យចេញពីមន្ទីរពេទ្យទាំងអាការៈខ្លួនធ្ងន់ធ្ងរ ដើម្បីបានជួបមិត្តស្រីជាលើកចុងក្រោយ មុនសពរបស់នាងត្រូវយកទៅបូជា។ តាមរយៈនេះផងដែរ ក៏សូមយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់របស់អ្នកឲ្យល្អ នៅពេលកំពុងរួមរស់នៅជាមួយគ្នា ឃើញមុខគ្នារាល់ថ្ងៃ ព្រោះថាយើងមិនអាចដឹងបានថា សុភមង្គលដែលយើងកំពុងមាន អាចនឹងត្រូវរលាយបាត់ នៅពេលណាមួយនោះទេ។ ហើយក៏សូមថ្កោលទោសដល់អ្នកដែលបើកបរមិនមានការប្រុងប្រយ័ត្ន ដោយសំអាងបើកបុកគេហើយរត់គេចខ្លួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










