ភ្នំពេញ ៖ យោងតាមកិច្ចប្រជុំនាពេលកន្លងមក នៅក្នុងក្រសួងព័ត៌មាន ក៏ដូចជាយោងតាមការបង្ហោះរបស់ ឯកឧត្តម ម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា វិស័យព័ត៌មាននាពេលបច្ចុប្បន្ន កាន់តែមានភាពទូលំទូលាយ និង រីកចម្រើន ដោយការរីកចម្រើនមួយនេះ បានផ្ដល់ឱកាសកាន់តែសំបូរបែប ឲ្យមហាជនបានដឹងពីដំណឹងគ្រប់ទិសទី។ ប៉ុន្តែឯកឧត្តមក៏បានរំលឹកថា អ្នកព័ត៌មានមួយចំនួនក៏បានដើរតួខុសតួនាទី បណ្ដាលឲ្យវិជ្ជាជីវៈទទួលការរិះគន់ផងដែរ។

ឯកឧត្តមបានសរសេរបន្ថែម នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា “វិស័យសារព័ត៌មាន គឺពិតជាមានសារសំខាន់បំផុត ក្នុងការបញ្ជួនព័ត៌មានគ្រប់ទីកន្លែង គ្រប់ពេលវេលាទៅកាន់មហាជនគ្រប់រូបភាព ដើម្បីទទួលបានព័ត៌មានពិត ទោះបីជាស្ថិតនៅទីកន្លែងណា កាលៈទេសៈណាក៏ដោយ ប៉ុន្តែរាល់ការផ្សព្វផ្សាយ និងការ បញ្ជួនព័ត៌មានទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ក្នុងករណីដែលសាមុីខ្លួន រឺអង្គភាពសារព័ត៌មានផ្សព្វផ្សាយ ចេញទៅវាលើសពីសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិលើសពីការពិត ឬនាំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ ដូច្នេះអ្នកប្រកបវិជ្ជាជីវ:សារព័ត៌មានគប្បីត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវ: និងក្រមសីលធម៌ជានិច្ច។ ការងារអ្វីក៏ដោយប្រសិនបើយើងធ្វើហួសពីបន្ទាត់ព្រំដែន វារមែងតែងជួបគ្រោះថ្នាក់ជាក់ជាពុំខាន”។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានគេចាត់ទុកថា គឺជាការក្រើនរំលឹកមួយដ៏ធំដល់បណ្ដាអ្នកសារព័ត៌មានទាំងអស់ ជាពិសេសគឺអ្នកសារព័ត៌មាន ដែលតែងតែដើរតួជាអ្នកកាត់ក្ដី និង ផ្សព្វផ្សាយលម្អៀង ដែលធ្វើឲ្យមានការរិះគន់ពីស្រទាប់មហាជន បន្ទាប់ពីព័ត៌មានទាំងនោះ ធ្វើឲ្យមានការប៉ះពាល់ ឬ ជាព័ត៌មានដែលជះនូវឥទ្ធិពលអវិជ្ជមាន។ ឯកឧត្តមក៏ដើរតួជាអ្នកចូលរួមបណ្ដុះបណ្ដាល និង ចែលរំលែកវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មានជារឿយៗ តាមរយៈក្រសួងផងដែរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋCEN






