ភ្នំពេញ៖ អតិថិជន កាន់តែមានភាពងាយស្រួល ក្នុងការដាក់ប្រាក់ចូលក្នុងគណនីធនាគារ ឬ គណនីវ៉លឡេតរបស់អេស៊ីលីដាម៉ូបាល នៅតាមម៉ាស៊ីនអេធីអឹមទាំង ៧៩០គ្រឿងនៅទួទាំងព្រះរាជាណាចក្រកម្ពុជា ដោយពុំបាច់ធ្វើដំណើរមកការិយាល័យរបស់ធនាគារអេស៊ីលីដា ដោយផ្ទាល់នោះទេ។
ធនាគារអេស៊ីលីដា ជាប្រជាធនាគារ ដែលជាទីទុកចិត្តរបស់លោកអ្នក តែងតែយកចិត្តទុកដាក់ក្នុងការបង្កភាពងាយស្រួលដល់អតិថិជនគ្រប់ពេលវេលា មានបណ្តាញម៉ាស៊ីនអេធីអឹមធំជាងគេ គ្រប់រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា ដូចជា នៅតាមផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារ និងក្រុមហ៊ុននានា ជាដើម។
ម៉ាស៊ីនអេធីអឹម អេស៊ីលីដា បានអនុញាតឱ្យអតិថិជនធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍) ដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈប័ណ្ណរបស់ធនាគារអេស៊ីលីដា និងប័ណ្ណរបស់ធនាគារផ្សេងៗ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា អេស៊ីលីដា ជាធនាគារដែលអតិថិជនប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចប្រើគណនីធនាគារ និងគណនីវ៉លឡេត បានក្នុងពេលតែមួយ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើន។
ចំពោះការដាក់ប្រាក់នេះ អតិថិជនអាចបញ្ចូលក្រដាសប្រាក់ ១០ដុល្លារ, ២០ដុល្លារ, ៥០ដុល្លារ, ១០០ដុល្លារ, ១០.០០០រៀល, ២០.០០០រៀល, ៥០.០០០រៀល, និង ១០០.០០០រៀល ទៅក្នុងម៉ាស៊ីនអេធីអឹម ដាក់-ដកប្រាក់ បានរហូតដល់ ២០០សន្លឹកក្នុងមួយប្រតិបត្តិការ៕
រក្សាសិទ្ធិដោយ៖ CEN