បាត់ដំបង ៖ យើងរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ គឺជាប្រធានបទមួយ ដែលរដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយមន្ទីរសុខាពិបាលនៃរដ្ឋបាលខេត្តបាត់ដំបង រៀបចំបើកយុទ្ធនាការផ្សព្វផ្សាយ អំពីការទទួលខុសត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ។ ពិធីបើកយុទ្ធការនេះ បានធ្វើឡើងព្រមៗគ្នា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នេះ នៅតាមទីតាំងផ្សេងៗគ្នា ពោលគឺនៅតាមបណ្តាស្រុកនានា របស់ខេត្តបាត់ដំបង ក្នុងនោះក្រុងបាត់ដំបង បានធ្វើឡើងនៅសួនច្បារសម្តេចក្រឡាហោម ស ខេង ត្រើយខាងកើតនៃដងស្ទឹងសង្កែ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ។

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានបញ្ជាក់ថា ជំងឺកូវីដ១៩នៅតែជាហានិភ័យខ្ពស់សម្រាប់ខេត្តបាត់ដំបង ដែលបាននឹងកំពុងតែបន្តការគំរាមកំហែង ដល់អាយុជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងផលប៉ះពាល់ផ្សេងៗទៀត ។
លោក បានចាត់ទុកថា ការចាប់ផ្ដើមធ្វើយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩នាពេលនេះ គឺដើម្បីក្រើនរំលឹកឱ្យរួមគ្នា អនុវត្តវិធានការចាំបាច់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ហើយយុទ្ធនាការនេះ ក៏ជាការពញ្ញាក់ស្មារតី អំពីគ្រោះថ្នាក់ នៃការរាតត្បាតចម្លងវីរុសកូវីដ១៩ ដែលត្រូវទាមទារឲ្យ មានការចូលរួមទទួលខុសត្រូវទាំងអស់គ្នា គឺពីបុគ្គល គ្រួសារ និងសហគមន៍ជាដើម ។

លោក អភិបាលខេត្តបាត់ដំបង បានធ្វើការជំរុញបន្ថែមទៀត ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសហគមន៍ សូមតាមដានការអនុវត្តវិធានការសុខាភិបាល និងការលើកទឹកចិត្តបណ្តុះបណ្តាលធនធាន ផ្តល់សេវាមិត្តអប់រំមិត្ត អ្នកស្ម័គ្រចិត្តឲ្យចូលរួមផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយល់ដឹងកាន់ច្បាស់អំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ។
លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ សូមបន្តការអនុវត្តវិធានការ៣កុំ ៣ការពារទៀត ដើម្បីរួមគ្នាបញ្ឈប់ឲ្យ បាននូវការឆ្លងជំងឺកូវីដ១៩ ដែលរហូតមកដល់នឹងពេលនេះ ទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងក្រសួងពាក់ព័ន្ធ កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរខេត្ត រាជធានី ព្រមទាំងរដ្ឋបាលគ្រប់ជាន់ថ្នាក់ បានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ យ៉ាងយកចិត្តទុកដាក់បំផុត ៕ រក្សាសិទ្ធិដោយ៖CEN



