ប្រិយមិត្តជាច្រើន ពិតបានភ្ញាក់ផ្អើលនិងក៏ដូចសម្តែងនូវក្តីរន្ធត់ជំនួសជាខ្លាំង ចំពោះឧបទ្ទវហេតុមួយបានកើតឡើង គ្រាដែលមន្រ្តីប៉ូលិសម្នាក់ បានបើករថយន្តម៉ាកហាយលែនឌ័រ១គ្រឿង ដឹកប្រពន្ធកូនឆ្លងដ ស្រាប់តែបណ្តាលឲ្យជ្រុលធ្លាក់ទឹកទន្លេបាសាក់ លិចបាត់ទៅក្នុងទឹកតែម្តង។ ហើយករណីនេះ គឺមិនមែនច្រឡំជាន់ហ្គានោះទេ តែតាមពិត គឺគាត់ស្ពឹកជើង មិនអាចជាន់ហ្វ្រាំងបាន ខណៈរថយន្តចុះដល់លើដ។
ដោយឡែក អ្នករួមដំណើរមួយពាន់សំណាងវិញ ដែលមានចំនួន៤នាក់ បានរួចផុតពីគ្រោះថ្នាក់ នៅក្នុងហេតុការណ៍ដ៏ហួសចិត្តនេះ គឺដោយសារតែពួកគេចេះហែលទឹកទាំងអស់គ្នា ហើយបានបើកទ្វាររថយន្តព្យាយាមហែលចេញ ស្របពេលដែលមានទូកបងប្អូនខ្មែរឥស្លាម ក៏ស្ថិតនៅក្បែរនោះផងដែរ បានចេញមកជួយសង្គ្រោះទាន់ពេលវេលា។
បើតាមស្រ្តីជាប្រពន្ធបានប្រាប់ឲ្យដឹងថា ខណៈបើករថយន្តបើកចុះដល់ទូកដ ចៃដន្យប្តីរបស់គាត់កើតអាការៈស្ពឹកជើង ជាន់ហ្វ្រាំងពុំទាន់ ក៏ជ្រុលធ្លាក់ចុះទឹកតែម្តង មិនមែនច្រឡំជាន់ហ្គានោះទេ។ ហើយភ្លាមៗនោះ ពួកគាត់រួមមានស្រី២នាក់ និងម្តាយម្នាក់ បានស្រវេស្រវ៉ាលូនចេញតាមកញ្ចក់ឡាន និងព្យាយាមហែលឡើងទូកបងប្អូនខ្មែរឥស្លាមភ្លាមៗ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងស្ថិតត្រង់ម្តុំកំពង់ដព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ ម្ចាស់រថយន្តជាអ្នកបើកបរមានឈ្មោះ សាម សុវ៉ាត់ ហៅប្លោក ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង មុខរបរជាមន្រ្តីនគបាលប៉ុស្ត៏តាលន់ ស្រុកស្អាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង