Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនស្ត្រីជនជាតិកូរ៉េម្នាក់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាង៦ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនស្ត្រី ជនជាតិកូរ៉េម្នាក់ ជាប្រធាន ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន H & K Partners Co,Ltd ជាប់ពាក់ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និង ចេញសែកស្អុយ ចំនួនជាង ៦ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ។

មន្ត្រីនគរបាលកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ត្រីសង្ស័យ ជនជាតិកូរ៉េរូបនេះ មានឈ្មោះ CHAE HWA JUNG ជានាយកក្រុមហ៊ុន H & K Partners Co,Ltd ។

ចំណែកឯ ភាគីដើមបណ្ដឹង មានឈ្មោះ KIM GIL DONG ភេទប្រុស ជាជនជាតិកូរ៉េ ដូចគ្នា និង ជាប្រធានប្រធានក្រុមហ៊ុនលក់គ្រឿង និង វត្ថុធាតុដើម សម្រាប់ផលិត ទ្វារ បង្អួច និង កញ្ចក់ មានទីលំនៅ នៅក្នុងរាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅក្នុងអំឡុងដើមឆ្នាំ ២០២១នេះ, ជនសង្ស័យ និង ស្វាមី ជាជនជាតិកូរ៉េខាងត្បូង ដែលជាម្ចាស់ក្រុមហ៊ុន H & K Partners Co,Ltd បានបញ្ជាទិញ ទំនិញ ជាវត្ថុធាតុដើម សម្រាប់ផលិត ទ្វារ បង្អួច កញ្ចក់ នៅក្នុងក្រុមហ៊ុន របស់ជនរងគ្រោះ ក្នុងតម្លៃទឹកប្រាក់ជាង ១០ ម៉ឺនដុល្លារ ។

នៅពេលនោះ ភាគីជនសង្ស័យមិនបានបង់ប្រាក់គ្រប់ចំនួនទេ គឺបានត្រឹមតែបង់ប្រាក់កក់ចំនួនតែ ៣៦.០០០ ដុល្លារតែប៉ុណ្ណោះ ដោយនៅខ្វះប្រាក់ជាង ៦ ម៉ឺនដុល្លារទៀត ហើយជនសង្ស័យបានសន្យាថានឹងសងប្រាក់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ព្រមទាំងបានចេញសែកដែលមានតម្លៃ ចំនួនជាង ៦ ម៉ឺនដុល្លារដើម្បីធានាសង ចំពោះបំណុលនោះទៀតផង។

ក៏ប៉ុន្តែលុះដល់ថ្ងៃកំណត់ ដែលត្រូវបើកប្រាក់សេសសល់នោះ, ជនរងគ្រោះ បានយកសែកតម្កល់នោះទៅបើកលុយពីធនាគារ តែខាងធនាគារបញ្ជាក់ថា សែកនោះ មិនមានសាច់ប្រាក់នោះទេ គឺជាសែកស្អុយ។

ដើម្បីទាមទារថ្លៃខូចខាតខាងលើ, ជនរងគ្រោះ ក្រោយមកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងដើមខែសីហានេះ ដែលជាហេតុ បណ្ដាលឲ្យមានការឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃចន្ទនេះ។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងតែឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕
រក្សាសិទ្ធិដោយ ចន្ឋា ភា

×