Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ របស់បុរសជាប់ចោទ២នាក់ ពាក់ព័ន្ធការចាក់សម្លាប់ បុរសរើសអេតចាយម្នាក់ ដោយជម្លោះពាក្យសម្ដី

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តុលាការឧទ្ធរណ៍បានបើកសវនាការ ជំនុំជំម្រះលើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទ២នាក់ ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារកំណត់ម្នាក់ៗ ពី ៦ ទៅ ១០ ឆ្នាំ ពីបទ ឃាតកម្ម និងសមគំនិត ក្នុងអំពើឃាតកម្ម ប្រព្រឹត្តកាលពីអំឡុង ២០១៩ ។

លោកជំទាវ ទិត សុទី្ធ បូរ៉ាល័ក្ខណ៍ ជាប្រធានចៅក្រមជំនុំម្រះ បានឲ្យដឹងថា ជនជាប់ចោទទាំង ២ មានឈ្មោះ ទី១ ឈ្មោះ ខឹម សុផល ភេទប្រុស ជនជាតិខ្មែរ និងទី២ ឈ្មោះ ឡូត សារិទ្ធភេទប្រុស ។ អ្នកទាំង២ មានមុខរបរជាអ្នករើសអេតចាយ។

លោកជំទាវចៅក្រម បានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទឈ្មោះ ខឹម សុផល ត្រូវបានតុលាការរាជធានីភ្នំពេញ កាលពី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ពីបទ ឃាតកម្ម និង ចំណែកឯឈ្មោះ ឡូត សារិទ្ធ ត្រូវជាប់ពន្ធធានាគារ កំណត់ ០៦ ឆ្នាំ ពីបទសមគំនិតក្នុងអំពើឃាតកម្ម។ ៊

តុលាការរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យពួកគេទាំងពីរនាក់ រួមគ្នាសងថ្លៃជម្ងឺចិត្តចំនួន ៤០ លានរៀល ទៅប្រពន្ធរបស់ជនរងគ្រោះ ដែលជាភាគីដើមបណ្តឹង នៅក្នុងរឿងក្តីនេះ។

តែពួកគេបានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍។

ពួកគេត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនកាលពី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នាពេលសវនាការជនជាប់ចោទ ឈ្មោះ ខឹម សុផល បានឆ្លើយបដិសេធថា គាត់មិនបានយកកាំបិតទៅចាប់ជនរងគ្រោះឡើយ ព្រោះនៅពេលកើតហេតុនោះ ជនរងគ្រោះក៏បានយកដំបងមែកឈើ វាយចំក្បាលខ្លួន បណ្តាលឲ្យបែកក្បាលដេរ៣ថ្នេរ រួចក៏ដួល ហើយបានជុងនឹងកាំបិតចិតបន្លែរបស់គាត់ ដែលកាន់នៅនឹងដៃដោយខ្លួនឯង ចំដើមទ្រូង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ចំណែកឯក ជនជាប់ចោទ ឈ្មោះ ឡុត សារិទ្ធ ក៏បានឆ្លើយបដិសេធផងដែរថា គាត់មិនបានវ៉ៃ ឬសម្លាប់ជនរងគ្រោះទេ។

ពួកគេទាំងពីរ បានសំំណូមពរឲ្យតុលាការ មេត្តាជួយរកយុត្តិធម៌ និងដោះលែងពួកគេ ឲ្យមានសេរីភាពឡើងវិញ។

សំណុំរឿងនេះ សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ៕
រក្សាសិទ្ធិដោយ ចន្ទា ភា

×