ភ្នំពេញ ÷ នារីរូបស្រស់២នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុកបង្គោលដែកភ្លើងស្តុប ពេញទំហឹងបណ្តាលឲ្យរថយន្ត បង្ករងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ទៅដល់មនុស្ស។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2AQ-0009 បើកបរដោយនារី២នាក់ ធ្វើដំណើរតាមបណ្តាយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុកបង្គោលដែកភ្លើងស្តុប ចំពីចំហៀងមុខខាងស្តាំរថយន្ត ពេញទំហឹងបណ្តាលឲ្យរថយបង្ក ខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង ចំណែកឯនារី២នាក់ បើករថយន្តបង្កបានឡើង លើកង់បីជិះគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល បន្ទាប់មកក៏ពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ចជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត


