ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យានយន្តសរុបចំនួន ៤២៩គ្រឿងនៅទូទាំងប្រទេស ត្រូវបាននគរបាលទត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១, ក្នុងនោះមាន ម៉ូតូ ៣៨៨គ្រឿង និងរថយន្ត ៤១គ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ÷

- បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើន អត់មួកសុវត្ថិភាព ល្មើសសញ្ញាចរាចរណ៍ និយាយទូរស័ព្ទ ដឹកលើសចំណុះ បត់ខុសបច្ចេកទេស និងអត់ផ្លាកលេខ ជាដើម។
- បទល្មើសសម្រាប់រថយន្ត មានដូចជា ល្មើសល្បឿន ល្មើសសញ្ញាចរាចរណ៍ អត់ប័ណ្ណបើកបរ អត់ផ្លាកលេខ បត់ជែង (ដណ្ដើមទៅមិន) បើកបរក្នុងស្ថានភាពស្រវឹង ដឹកលើសចំណុះ និយាយទូរស័ព្ទ អត់ខ្សែក្រវាត់ អត់ឆៀក ជាដើម។
ងាកមកបញ្ហាគ្រោះថ្នាក់ចរាចរណ៍វិញ សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ ០៩នាក់ របួស ០៧នាក់ (របួសធ្ងន់ ០៣នាក់)។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងទៀតថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើស ត្រូវបានសមត្ថកិច្ចចរាចរណ៍ អនុវត្តការងារមានភាពរលូន, ហើយលោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN








