ភ្នំពេញ ៖ ប្រភពពីតុលាការក្រុងភ្នំពេញ បញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ មន្រ្តីពន្ធនាគារខេត្តកំពង់ស្ពឺបាននាំខ្លួន ឈ្មោះសូយ ចាន់សឿន (ឋានៈផ្កាយ២យោធា) មកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់របស់ លោក យ៉ាន សុភាព ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ដែលបានចេញដីកាបង្គាប់ ឱ្យមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ មកធ្វើការសាកសួរ លើបណ្តឹងបរិហាកេរ្តិ៍ លើអាជីវករម្នាក់ឈ្មោះ កើត ខេង។

កាលពីពេលថ្មីៗនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី បានចេញដីកានាំខ្លួន ឈ្មោះសួយ ចាន់សឿន មកសាកសួរពីបទ បរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ តាមមាត្រា៣១១.៣១២ នៃក្រមព្រហ្មទណ្ឌ។
គេចាំបានថា ក្រៅពីករណីបរិហាកេរ្តិ៍ខាងលើ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មន្ត្រីយោធាផ្កាយ២ឈ្មោះ សូយ ចាន់សឿនហៅ ទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ឆ្នាំ មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍអគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ដាក់ពន្ធនាគារ ខេត្តកំពង់ស្ពឺ ជាបណ្ដោះអាសន្ន ពាក់ព័ន្ធការប្រើអំពើហិង្សា ទៅលើស្ត្រីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ជនសង្ស័យ ឈ្មោះ សូយ ចាន់សឿន ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ពាក់ព័ន្ធករណីប្រើអំពើហិង្សាធ្ងន់ធ្ងរ ទៅលើស្ត្រីម្នាក់ ឈ្មោះ ឌួង ហេម៉ាលីស រងរបួសធ្ងន់ធ្ងរ ពេលនោះ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្ស ដោយខុសច្បាប់» ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ តាមមាត្រា២១៨ និងមាត្រា២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ ហើយបានចេញដីកាបង្គាប់ឲ្យនាំខ្លួន ជនជាប់ចោទមកកាន់តុលាការ។

យោងតាមពាក្យបណ្តឹង របស់ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅផ្ទះលេខ៤៧ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានរៀបរាប់ថា កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែ២នាក់ ស្ថិតលើដងផ្លូវនៅចំណុចរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល ឈ្មោះ សូយ ចាន់សឿន បានវាយដំជនរងគ្រោះ និង បានដកកាំភ្លើងខ្លីភ្ជង់គំរាម មិនឲ្យជនរងគ្រោះស្រែក និង គំរាមបាញ់បំបាក់ជើង និងបាញ់សម្លាប់ចោល តាមផ្លូវរហូតដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

យោងតាមពាក្យបណ្ដឹងជនរង បញ្ជាក់ទៀតថា លោក សូយ ចាន់សឿន បានបង្ខាំងជនរងគ្រោះ ទុកក្នុងផ្ទះកូនចៅ របស់គាត់ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទី ការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃ ក្រសួងការពារជាតិ រហូតដល់ម៉ោង៧យប់ ទើបមានសមត្ថកិច្ចនគរបាល ចុះមកអន្តរាគមន៍ រំដោះជនរងគ្រោះចេញពីផ្ទះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ទាមទារថ្លៃសំណងព្យាបាលរបួស ចំនួន១លានដុល្លារ ព្រមទាំងជំងឺចិត្តចំនួន១លានដុល្លារ ៕ រក្សាសិទ្ធិដោយ៖ជំនោ

