ប្រិយមិត្តជាអ្នកតាមដានព័ត៌មានអន្តរជាតិ ប្រាកដណាស់បានទទួលជ្រាបហើយ ដែលកាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ ក្រុមតាលីបង់ បានចូលគ្រប់គ្រងដល់វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន ខណៈប្រធានាធិបតីលោក Ashraf Ghani បានរត់ភៀសខ្លួនឆ្ពោះទៅកាន់ប្រទេសតាហ្សុីគីស្ថាន។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃច័ន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ឲ្យដឹងថា មានមនុស្សមួយចំនួន ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត នៅថ្ងៃច័ន្ទ ស្ថិតនៅឯអាកាសយានដ្ឋានអន្តរជាតិកាប៊ុល -ជាទីដែលពលរដ្ឋអាហ្វហ្គានីស្ថាន និងជនបរទេសរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាយ៉ាងកកកុញ ដើម្បីចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលនៅពេលនេះ កំពុងស្ថិតក្រោមការគ្រប់គ្រង់របស់ក្រុមតាលីបង់។
ដោយឡែក ក្រឡេកមកមើលទិដ្ឋភាពនៃវីដេអូនេះវិញ ឃើញថាពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ខណៈដែលពលរដ្ឋអាហ្វហ្គានីស្ថានជាច្រេីននាក់បានដណ្តេីមគ្នាឡេីងជិះយន្តយន្តហោះយោធាសហរដ្ឋអាមេរិកC-17 មុនពេលចាកចេញដោយមានមនុស្សជាច្រើននាក់ បានស្រវ៉ាឡើងជិះខាងក្រោមស្លាប និងប្រឡោះកង់របស់យន្តហោះ ដែលពិតជាគួរឲ្យស្រៀវស្ញើបជំនួសជាខ្លាំង។
ពិតណាស់ អ្វីដែលគួរឲ្យស្លុតរន្ធត់បំផុតនោះ គឺក្រោយពេលយន្តហោះបានហោះឡើងលើអាកាស ក្នុងកម្ពស់ប្រហែលជាង ១០០ ម៉ែត្រ ស្រាប់តែមានមនុស្ស ៣ នាក់ បានធ្លាក់ចុះមកដីជាបន្តបន្ទាប់តែម្តង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មនុស្សរាប់ពាន់ បានដេកចាំនៅព្រលានយន្តហោះ ដេីម្បីរង់ចាំជេីងយន្តហោះណាមួយ ធ្វេីដំណេីរចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដេីម្បីពួកគេផ្សងព្រេងជីវិតថ្មី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង