ភ្នំពេញ ៖ តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន និងបក្ខពួកចំនួនពីរនាក់ ពាក់ព័ន្ធការបំភ្លៃការពិតរឿង ព្រំដែនលកម្ពុជា វៀតណាម និងជាប់ចោទពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។ ការប្រកាសសាលក្រមនេះ គឺបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
ជនជាប់ចោទទាំងបីនាក់ ដែលពាក់ព័ន្ធការបំភ្លៃការពិតរឿងព្រំដែនកម្ពុជា វៀតណាម មានដូចជា លោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា , ឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា។
លោករ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅផ្ទះរបស់លោកនៅចាក់អង្រែ។ ហើយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានបញ្ជូនខ្លួនលោករ៉ុង ឈុន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យព្រះរាជអាជ្ញា និងចៅក្រមធ្វើការសាកសួរ។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានច្រានចោលចំពោះសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលបានផ្សាយព័ត៌មាន និងបានចោទប្រកាន់ គ្មានមូលដ្ឋានថា ការបោះបង្គោលព្រំដែន ពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី អាស្រ័យផលទៅខាងភាគីវៀតណាម ជាច្រើនរយហិកតា និងថា អាជ្ញាធរវៀតណាម បានបណ្ដេញ និងប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះពីដីធ្លីចូលប្រមាណជាង ២០០ម៉ែត្រក្នុងដីខ្មែរ ដែលអាជ្ញាធរខ្មែរ មិនបានទប់ស្កាត់ ចំពោះទង្វើអាជ្ញាធរយួន ធ្វើមកលើពលរដ្ឋរងគ្រោះ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺជាការប្រឌិតរឿង ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបដិសេធចោលទាំងស្រុង នូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន និងគូកននៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ដោយចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន មកលើការងារព្រំដែន របស់រាជរដ្ឋាភិបាល អំពី ការធ្វើឲ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឲ្យមានការរំលោភបំពានទឹកដី ពីប្រទេសជិតខាង ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីស្រែចំការ នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានបន្តថា ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ បំផ្លើសពីការពិត និងមានការឃុបឃិត ដោយចេតនាជាមួយជនខិលខូច ដែលបានអះអាងថា ជាដីកេរដូនតារបស់ខ្លួន ជាយូរមកហើយនោះ និងថាគណៈកម្មាធិការព្រំដែនកម្ពុជា និងយួន បានស្នើសុំឲ្យពលរដ្ឋផ្អាកការបង្កបង្កើនផល លើដីនោះ ជាបណ្តោះអាសន្នសិន រង់ចាំការបោះបង្គោលរួចរាល់សិន ទើបឲ្យពួកគាត់ធ្វើស្រែចំការលើដីនោះវិញ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានធ្វើការបដិសេធចោលទាំងស្រុងនូវព័ត៌មានក្លែងបន្លំ និងបំភ្លៃការពិតទាំងនេះ ដោយហេតុថា៖ ១-ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ពុំបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះទេ និងពុំមានអាជ្ញាធរវៀតណាម ចូលមករុញច្រានពលរដ្ឋខ្មែរមិនឲ្យដាំដុះក្នុងដីខ្មែរប្រមាណ ២០០ម៉ែត្រ នោះទេ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរ ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ ២-ការអះអាងថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា “បានស្នើសុំឲ្យពលរដ្ឋខ្មែរ ផ្អាកការបង្កបង្កើនផលលើដីនោះ ជាបណ្តោះអាសន្ន រង់ចាំការបោះបង្គោលរួចរាល់សិន ទើបឲ្យពួកគាត់ធ្វើស្រែចំការលើដីនោះវិញ” គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមធ្វើការបដិសេធចោលទាំងស្រុង នូវការប្រឌិតព័ត៌មានក្លែងក្លាយនេះ។ ជាគោលការណ៍ក្នុងការធ្វើព្រំដែន រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ហើយបញ្ជាក់ទៀតថា នឹងរក្សាទុកដីឲ្យពលរដ្ឋខ្មែរដែលបាន និងកំពុងគ្រប់គ្រងអាស្រ័យផលទាំងនោះ ឲ្យបន្តការគ្រប់គ្រងនិងកាន់កាប់បង្កបង្កើនផលដដែល។
រាជរដ្ឋាភិបាលគ្មានគោលការណ៍សងដី ឲ្យពលរដ្ឋវិញ ក្រោយការបោះបង្គោលព្រំដែន ដូចការលើក ឡើងរបស់ជនខិលខូចនោះឡើយ។
ជាមួយគ្នានេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមកុំជឿ និងកុំចែកចាយរាល់ការបង្ហោះសេចក្តីថ្លែងការណ៍បោកប្រាស់របស់ឈ្មោះ រ៉ុង ឈុន និងជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ច ការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះអាចប្រឈមមុខនឹងផ្លូវច្បាប់។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមចូល រួមរក្សាទុកចំណែកដីទាំងនោះ និងទប់ស្កាត់ ចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនទាំងឡាយណា ដែល មានចេតនាចង់បំពានយកដីរដ្ឋទាំងនោះ ដោយបង្កើតព័ត៌មានក្លែងក្លាយ បន្លំធ្វើឯកសារដោយខុសច្បាប់ក្នុង គោលបំណងនាំឲ្យមានការភ័ន្តច្រឡំដល់សាធារណៈមតិជាតិ និងអន្តរជាតិ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានលទ្ធផល ៨៤ភាគរយ នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ ១០០ភាគរយ ដើម្បីធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ មិនឲ្យជាតិ និងប្រជាជនខាតបង់ឡើយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ