Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្ត្រីក្រសួងកសិកម្ម និង ប្រធានរដ្ឋសភាជាតិ នៃ រណសិរ្សរំដោះជាតិខ្មែរ សុំឲ្យតុលាការឧទ្ធរណ៍ បន្ថយទោសត្រឹម១ ឆ្នាំ ៦ ខែ

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់បុរសវ័យកណ្តាលម្នាក់ ដែលជាអតីតមន្ត្រី ជាន់ខ្ពស់នៃ រណសិរ្សរំដោះជាតិខ្មែរ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ០៧ ឆ្នាំ ពីបទ “រួមគំនិតក្បត់” ប្រព្រឹត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៩។

លោកជំទាវ ទិត សុទី្ធបូរ៉ាល័ក្ខណ៍ ជាប្រធានចៅក្រមប្រឹក្សាជំនុំម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ ឈ្មោះ ធុយ វី ហៅ ធុយ ឬទ្ធី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មានមុខរបរមុនចាប់ខ្លួនជា មន្ត្រីជាន់ខ្ពស់នៃ ចលនារណសិរ្សរំដោះជាតិខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសឌិនណឺម៉ាក់ និង មានឋានៈជា រដ្ឋមន្ត្រីក្រសួងកសិកម្ម, ជាប្រធានរដ្ឋសភាជាតិ នៃ រដ្ឋាភិបាលនិរទេសខុសច្បាប់ ដែលដឹកនាំដោយឈ្មោះសំ សេរី ជានាយករដ្ឋមន្ត្រី (ខ្យល់) និង ជាអ្នកនាំពាក្យ នៃ ចលនារណសិរ្ស
រំដោះជាតិខ្មែរ។

លោកជំទាវចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ធុយ វី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ០៧ ឆ្នាំ ពីបទ ” រួមគំនិតក្បត់ ” តាមបញ្ញត្តិមាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

តុលាការ ក៏បានកាត់ទោសកំបាំងមុខ ឈ្មោះ សំ សេរី និង មនុស្ស ២ នាក់ទៀត ដែលជាមេដឹកនាំកំពូល របស់ចលនារណសិរ្សរំដោះជាតិខ្មែរ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ០៨ ឆ្នាំ និង ចេញដីកាឲ្យស្វែងរកចាប់ខ្លួនផងដែរ។

តែឈ្មោះ ធុយ វី ប្តឹងជំទាស់នឹងសាលក្រមខាងលើមកកាន់សាលាឧទ្ធរណ៍។

ជនជាប់ចោទ ធុយ វី ត្រូវបានឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

នាពេលសវនាការ ឈ្មោះធុយ វី បានសារភាពថា នៅពេលឃាត់ខ្លួនគាត់នោះ, ខ្លួនគឺជាមន្ត្រីជាន់ខ្ពស់ នៃ រដ្ឋាភិបាលនិរទេស និង រណសិរ្សរំដោះជាតិខ្មែរ។

ធុយ វី បាននិយាយខ្លួន ត្រូវបានលោក សម សេរី តែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម, ជាប្រធានរដ្ខសភា ចក្រភពអង្គរ និង ជាអ្នកនាំពាក្យ នៃ រដ្ឋាភិបាលនិរទេស ដែលដឹកនាំដោយលោកសំ សេរី ដែលមានមូលដ្ឋាននៅប្រទេសឌិនណឺម៉ាក់។

ឈ្មោះ ធុយ វី បានឆ្លើយថា រូបគេពិតជាបានចូលរួម ក្នុងសកម្មភាពរបស់ សម សេរី និងក្រុមអតីតCNRP ពិតប្រាកដមែន ក្នុងគោលបំណងបំណង ដើម្បីគៀរគរ និង ស្វែងរកសម្លេងគាំទ្រ ដើម្បីរៀបចំ បង្កើតគណបក្សនយោបាយ ស្របច្បាប់របស់ចលនារបស់រណសិរ្សរំដោះជាតិខ្មែរ នៅក្រសួងមហាផ្ទៃ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជាតិ នៅក្នុង ឆ្នាំ ២០២៣។

ធុយ វី ក៏បានទទួលស្គាល់ផងដែរ អំពីសេចក្តីថ្លែងការណ៍របស់របស់ខ្លួន នៅពេលនោះ ដែលបានអំពាវនាវឲ្យមហាជន ចូលរួមក្នុងមហាចលនាមួយ និង នាំគ្នាទៅទទួលស្វគមន៍លោកសម រង្សី នៅថ្ងៃទី ៩ ខែ វិច្ឆិកាឆ្នាំ ២០១៩។

ក៏ប៉ុន្តែ ធុយ វី បានអះអាងថា ការថ្លែងការណ៍របស់លោកខាងលើនោះ គឺ ជាសារនយោបាយតែប៉ុណ្ណោះ និង មិនមានចេតនា ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ឬ ប្រឆាំងនឹងសម្តេចតេជោហ៊ុន សែន នោះឡើយ។

ធុយ វី បានសំំណូមពរដល់ក្រុប្រឹក្សាជំនុំជម្រះតុលាការឧទ្ធរណ៍ មេត្តាប្រោសប្រណី និង បន្ធូរបន្ថយទោសគាត់ ពីជាប់ទោស ៧ ឆ្នាំ មកនៅត្រឹម ១ ឆ្នាំ ៦ ខែ ដើម្បីខ្លួនបានវិលត្រឡប់ទៅជួបជុំ ក្រុមគ្រួសាររបស់ខ្លួនវិញ។

សំំណុំរឿងក្តីនេះ, តុលាការឧទ្ធរណ៍ នឹងប្រកាសសាលដីកា ក្នុងខែកញ្ញាខាងមុខនេះ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×