ភ្នំពេញ ៖ មន្ទីរពេទ្យសម្ភពសោភាបានវះកាត់ស្ត្រីម្នាក់ក្នុងពេលសម្រាលកូន បណ្តាលឱ្យហូរឈាមយ៉ាងខ្លាំងរហូតដល់ស្លាប់។
មុនពេលជនរងគ្រោះស្លាប់ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសម្ភពសោភា មានការភ័យស្លន់ស្លោដោយទប់ស្ថានការណ៍លែងបាន និងចង់យករួចខ្លួនគេពីការទទួលខុសត្រូវ ក៏បានបញ្ជូនជនរងគ្រោះចេញពីមន្ទីរពេទ្យរបស់ខ្លួន ដោយទៅមន្ទីរពេទ្យជប៉ុនឲ្យជួយសង្គ្រោះជនរងគ្រោះបន្ត ប៉ុន្តែស្ថានភាពជនរងគ្រោះកាន់តែធ្ងន់ធ្ងរជួយលែងបាន ហើយបានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជប៉ុនបានមួយសន្ទុះ។ ស្ត្រីរងគ្រោះបានស្លាប់នៅម៉ោង៥ទៀបភ្លឺថ្ងៃទី២៩ ខែមីនា។
ស្ត្រីរងគ្រោះឈ្មោះ អ៊ុ ចន្ទ្រា អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិរកា២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចូលមកសម្រាលកូនទី២ នៅមន្ទីរពេទ្យសម្ពពសោភា កាលពីថ្ងៃទី២៨ ខែមីនា ។ ស្ត្រីម្នាក់មានអាការៈធ្ងន់ធ្ងរទៅហើយ ពេលសម្រាលកូនទី២ នៅមន្ទីរពេទ្យសម្ភពសោភា ដើម្បីផុតពីការទទួលខុសត្រូវ គ្រូពេទ្យនៃមន្ទីរពេទ្យសម្ភពសោភា បានបញ្ជូនស្ត្រីរូបនេះ មកមន្ទីរពេទ្យជប៉ុន តែជាអកុសល ស្ត្រីរូបនេះបានស្លាប់ ។ ក្រុមគ្រួសារនៃសព អះអាងថា ពេលនេះមន្ត្រីមន្ទីរពេទ្យសម្ភពសោភាកំពុងចរចាអំពីសំណងជូនក្រុមគ្រួសារនៃសព ដើម្បីបញ្ចប់រឿង។
ពាក់ព័ន្ធករណីនេះ មានមជ្ឈដ្ឋានទូទៅ បានស្នើសូមក្រសួងសុខាភិបាល ចាត់វិធានការមន្ទីរពេទ្យ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលគ្មានសមត្ថភាព វិជ្ជាជីវៈផង។ បើនៅតែបណ្តែតបណ្តោយទៀត ច្បាស់ជាវិស័យសុខាភិបាលនៅកម្ពុជា ដែលជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ ធ្លាក់ចុះ និងអស់ជំនឿ៕ ដោយ ៖ បញ្ញាស័ក្តិ